កីឡាចំនួន ៣៧ប្រភេទ បូកនិងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ត្រូវបានសម្រេចជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមវិបសាយស៊ីហ្គេមផ្លូវការ cambodia2023.com បានបញ្ជាក់។

បន្ថែមលើការសម្រេចសម្រាប់ប្រភេទកីឡា វិញ្ញាសាដែលដាក់ឲ្យប្រកួតក៏ត្រូវបានសម្រេចជាផ្លូវការផងដែរ ពោលគឺនឹងមាន ៦០៨វិញ្ញាសា (បានន័យថា ៦០៨មេដាយមាស) នេះនាំឲ្យបំបែកកំណត់ត្រាព្រឹត្តិការណ៍ដែលមានវិញ្ញាសាប្រកួតច្រើនជាងគេ នៅស៊ីហ្គេម ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ វិញ្ញាាប្រកួតច្រើនជាងគេគឺនៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ដែលមាន ៥៣០វិញ្ញាសា។

ហែលទឹកជើងទា ដែលដើមឡើយនៅក្នុងចំណោមប្រភេទកីឡាដោយឡែក ត្រូវបានរួមបញ្ចូលមកនៅក្នុងកីឡាក្នុងទឹករួមគ្នា ខណៈ ប្រដាល់គុនខ្មែរ ដែលនៅប្រភេទកីឡាដោយឡែក ក៏ត្រូវបានដាក់បញ្ចូលរួមគ្នាទៅក្នុងប្រភេទកីឡាយុទ្ធគុនចម្រុះផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ៖«យើងបានឯកភាពគ្នាជាមួយប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង ចំនួន ៣៨ប្រភេទកីឡា ក្នុងវិញ្ញាសា ៦០៨វិញ្ញាសា គឺយើងបានដាក់ចេញជាផ្លូវការ សម្តេចពិជ័យសេនា ឯកឧត្តមបណ្ឌិត ក៏បានចុះហត្ថលេខាកំណត់ទៅលើប្រភេទកីឡា និងវិញ្ញាសាអស់ហើយ ហើយការកំណត់នេះក៏បានការឯកភាពទាំងស្រុងពីសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផងដែរ»

ប្រភេទកីឡាដាក់ឲ្យប្រកួតជាផ្លូវការរួមមាន៖

  • . អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
  • . កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា)
  • . វាយសី
  • . បាល់បោះ (×៥ និង ៣×)
  • . ប៊ីយ៉ា ស្នូកឃ័រ
  • . ប្រដាល់សកល
  • . កាយវប្បកម្ម
  • . អុក (អុកចត្រង្គ និងអុកចិន)
  • . ទោចក្រយាន (កង់គួក និងកង់ភ្នំ)
  • ១០. គ្រីឃីត (T20/Sixes និង T50/T20)
  • ១១. កីឡារាំ
  • ១២. កីឡាអេឡិចត្រូនិក
  • ១៣. គុនដាវ
  • ១៤. Floorball
  • ១៥. បាល់ទាត់ (បុរសនារី)
  • ១៦. វាយកូនហ្គោល
  • ១៧. កាយសម្ព័ន្ធ (Aerobic and Artistic)
  • ១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
  • ១៩. ម៉ូតូទឹក
  • ២០. យូដូ
  • ២១. ការ៉ាតេ
  • ២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវីណាម, គុនខ្មែរ)
  • ២៣. កីឡាឧបសគ្គ
  • ២៤. បញ្ចសីលា
  • ២៥. ប៉េតង់
  • ២៦. ទូកក្ដោង
  • ២៧. សីដក់
  • ២៨. សូហ្វតេន្នីស
  • ២៩. វាយកូនឃ្លីលើតុ
  • ៣០. តេក្វាន់ដូ WT
  • ៣១. វាយកូនបាល់
  • ៣២.  ប្រណាំងទូកប្រពៃណី
  • ៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
  • ៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
  • ៣៥. លើកទម្ងន់
  • ៣៦. ចំបាប់
  • ៣៧. វ៉ូស៊ូ
  • ៣៨. Teqball (កីឡាសម្ដែង)

កីឡាសម្ដែង (Demonstration Sport) កីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ៕

Share.

Comments are closed.

Exit mobile version