បើតាមប្រសាសន៍របស់ ឯកឧត្ដម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថា អត្តពលិកដែលចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ សុទ្ធសឹងតែកីឡាករ-កីឡាការិនីខ្លាំងៗ ដែលសហព័ន្ធបានធ្វើការចម្រុះពីជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ ដែលបានប្រកួតជម្រុះនៅតាមតំបន់ទាំង៥ និង ៤ស្ថាប័នដោយធ្វើការប្រកួតលើ ៥ វិញ្ញាសា ប្រើរូបមន្តវិលជុំ។

ឯកឧត្ដមបានថ្លែងបែបនេះនៅក្នុងពីធីបើកការប្រកួត កីឡាប៊ូលនិងប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ម្សិលមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក៏បានថ្លែងបើកកម្មវិធីដែរថា៖ «សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានត្រៀមលក្ខណសម្បត្តិរួចរាល់ទាំងការងារបច្ចេកទេស និងការងាររៀបចំក្នុងនាមម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត និងធនធានមនុស្ស។»

«ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍កីឡាដ៏ធំលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមបាវចនា “កីឡារស់ក្នុងសន្តិភាព-Sports: Live in Peace” ក្រោមការដឹកនាំផ្ទាល់របស់ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។»

ព្រឹត្តការណ៍នេះនឹងផ្ដល់ឱកាសដល់កម្ពុជា ក្នុងការពង្រីកវិសាលភាពនៃស្មារតី “លើសពីកីឡា លើសពីការប្រកួត និងលើសពីមេដាយ” ឬ “Beyond The Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ-Hearts Beat in Sync” ដោយយើងមិនត្រឹមតែយកកម្ពុជាមកលើកតម្កើងស៊ីហ្គេមនោះទេ ប៉ុន្តែយើងត្រូវយកស៊ីហ្គេមមកលើកតម្កើងកម្ពុជា ដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាឱកាសបង្ហាញពីភាពសុខដុមរមណី ភាពសម្បូរបែប ឧត្តមភាព និងសក្តានុពលរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តមក៏បានបញ្ជាក់ថា កីឡាករ-កីឡាការិនី របស់យើងជាអ្នកខិតខំប្រឹងប្រែងយកមេដាយ ដើម្បីកិត្តិយសជាតិ ហើយយើងទាំងអស់គ្នាប្រជាជាតិទាំងមូលជាស្មារតីគាំទ្រនៅក្រោយកីឡាករ កីឡារិនីរបស់យើង។

គួបញ្ជាក់ផងដែរថា ការប្រកួតជើងឯកថ្នាក់ជាតិនេះមានរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះគឺមានកីឡាករ កីឡាការិនីសរុប ១២៧នាក់ មកពីសមាគម ក្លិប១៧ និងលេងលើ ៥វិញ្ញាសាផ្សេងគ្នា៕

Share.

Comments are closed.

Exit mobile version