ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ហើយ ខណៈគណៈកម្មាធិការជាតិរៀបចំការប្រកួត ក៏បានបង្ហាញពីសមិទ្ធផលការងារសំខាន់ៗ ៧ចំណុច ដែលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម២០២៣។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅថ្មីៗនេះ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់ CAMSOC និងការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ ៧ចំណុច ត្រូវបានកំណត់ និងសម្រេចផ្លែផ្កាជាបន្ដបន្ទាប់ ដែលជាសញ្ញាណវិជ្ជមានឆ្ពោះទៅរកភាពជោគជ័យ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ជាមួយការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ។

ចំពោះមុខសញ្ញាការងារសំខាន់ៗជាអាទិភាព ដែលត្រូវបានកំណត់ និងសម្រេចបានជាផ្លែផ្កា ជាបន្ដបន្ទាប់ ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ខាងលើ រួមមាន៖

  • ១. ការជួសជុលទីលានប្រកួត ការកំណត់ទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ។
  • ២. ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមូលដ្ឋាននៃការរៀបចំការប្រកួតបច្ចេកទេសឲ្យឆ្ពោះទៅមុខយ៉ាងរលូន។
  • ៣. ការផ្ដល់សិទ្ធិធ្វើប្រតិភូកម្ម នូវមុខងារបម្រើសេវា និងរៀបចំជំនាញមួយចំនួន ត្រូវបានផ្ដល់ជូន ក្រុមហ៊ុនឯកជន ដូចជាការជួសជុល សាងសង់ទីលានប្រកួត ការតម្លើងរៀបចំប្រព័ន្ធគ្រប់គ្រងព្រឹត្តិការណ៍ “Games Management System” ការស្វែងរកចំណូលតាម Sponsor ការដេញថ្លៃម្ហូបអាហារ ការរៀបចំប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ International Broadcasting Center ។ល។
  • ៤. ទីកន្លែងស្នាក់នៅ ហូបចុក ជាង ៥,៥០០នាក់ ក្នុងមួយថ្ងៃ ត្រូវបានកំណត់ទាន់ពេលវេលាក្នុងភូមិកីឡា ដែលកំពុងជំរុញការសាងសង់យ៉ាងមមាញឹកបំផុត ដែលក្រុមហ៊ុន Sport Village សន្យាប្រគល់ជូន CAMSOC នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
  • ៥. ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងការពន្លឿនដាក់ប្រព័ន្ធលូ ជួសជុលផ្លូវ ការតភ្ជាប់ផ្លូវទៅមហាវិថីឈ្នះឈ្នះ ជាមួយការតុបតែងបង្គោលភ្លើង និងបំពាក់ភ្លើងបំភ្លឺតាមដើមឈើជាដើម។
  • ៦. ខេត្តត្រៀមទទួលរៀបចំការប្រកួតកីឡាមួយចំនូន ដូចជាខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ក៏សម្ដេចពិជ័យសេនាប្រធាន បានដាក់គោលការណ៍ឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សោភណ្ឌភាព និងរៀបចំគណៈកម្មការចំពោះកិច្ចរបស់ខេត្ត គាំទ្រសហការជាមួយ CAMSOC រួចរាល់ហើយដែរ។
  • ៧. ពិធីផ្សេងៗ ពិសេសពិធីបើក-បិទ រត់ភ្លើងគប់ ក៏ត្រូវបានឯកភាពគ្នាគ្រប់ភាគីពាក់ព័ន្ធ និងកំពុងដំណើរការរៀបចំឲ្យមានភាពអស្ចារ្យផងដែរ។

គួរដឹងថា កីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃបើក គឺនៅសល់រយៈពេល ២០០ថ្ងៃគត់។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕

 

📰 : cambodia2023.com

Share.

Comments are closed.

Exit mobile version