ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ពីការជួសជុលពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ដែលកំពុងធ្វើបច្ចុប្បន្នភាពឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ត្រៀមបម្រើឲ្យការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយនៅលើគេហទំព័រផ្លូវការ ស៊ីហ្គេម២០២៣ cambodia2023.com នៅរសៀលនេះ។

ឯកឧត្តមមានប្រសាសន៍ថា សម្រាប់បាល់ទាត់ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់បុរស-នារី មានន័យថា ការប្រើប្រាស់ទីលានសម្រាប់ការប្រកួតផ្លូវការ ចន្លោះពី ៤ ទៅ ៥កីឡដ្ឋាន ដោយមិនគិតពីទីលានសម្រាប់ធ្វើការហ្វឹកហាត់របស់បណ្ដាប្រទេសចូលរួមឡើយ។

ពាក់ព័ន្ធដំណើរការជួសជុសពហុកីឡដ្ឋានជាតិវិញ ឯកឧត្តមបានពន្យល់ថា «បច្ចុប្បន្នយើងចាប់ផ្ដើមជួសជុលហើយ យើងជួសជុលប្ដូរពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ ។ ការរៀបចំនេះ យើងគោរពទៅតាមស្ដង់ដាររបស់ FIFA ។ អ៊ីចឹងស្ដង់ដារ បានន័យថា ស្មៅក៏ស្ដង់ដារដែរ ទាល់តែស្មៅណា ដែល FIFA ទទួលស្គាល់ ព្រោះ FIFA មិនមែនទទួលស្មៅតែមួយប្រភេទទេ គឺមានច្រើនប្រភេទ»។

ឯកឧត្តមបន្ថែមថា «នៅពហុកីឡដ្ឋានជាតិនេះ យើងក៏នឹងរៀបចំដាក់កៅអីផងដែរ គឺក្នុងខែវិច្ឆិកាខាងមុខនេះ យើងនឹងចាប់ផ្ដើមដាក់កៅអីថ្មីជុំវិញទាំងអស់ប្រមាណជាង ៣៥,០០០កៅអី ត្រូវបំពាក់ ដើម្បីបំពេញលក្ខខណ្ឌរបស់ FIFA ។ រីឯភ្លើង ក៏ត្រូវបន្ថែមឲ្យគ្រប់តាមលក្ខខណ្ឌ FIFA ដែរ សម្រាប់បម្រើឲ្យការប្រកួតពេលយប់ ។ ចាប់ពីខែវិច្ឆិកាទៅ ទាំងកៅអី និងភ្លើង យើងនឹងរៀបចំ ហើយគ្រោងនឹងបញ្ចប់នៅខែមករា ឆ្នាំ២០២៣ ។ អ៊ីចឹងអ្វីៗអាចនឹងបញ្ចប់ទាន់ពេលវេលា»។

ក្រៅពីការជួសជុលពហុកីឡដ្ឋានជាតិខាងលើ នៅពហុកីឡដ្ឋានជាតិមរតកតេជោឯណោះវិញ សម្រាប់ទីលានបាល់ទាត់ខាងក្រៅ ក៏ត្រូវផ្លាស់ប្ដូរស្មៅឲ្យបានល្អប្រសើរ ។ រីឯទីលានបាល់ទាត់ ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានដ៏ស្កឹមស្កៃនេះ ក៏កំពុងពិនិត្យបច្ចេកទេសលើការរៀបចំស្មៅឡើងវិញផងដែរ បន្ទាប់ពីមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្មីៗ ដើម្បីឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ការប្រកួតស៊ីហ្គេមនា ២០០ថ្ងៃខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ត្រូវគោរពឲ្យបានដាច់ខាតនូវស្ដង់ដារតែមួយរបស់អន្ដរជាតិ ដើម្បីសេចក្ដីថ្លៃថ្នូរ និងឲ្យស័ក្ដិសមកិត្តិយសជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕

📰 : cambodia2023.com

Share.

Comments are closed.

Exit mobile version