ថ្លែងក្នុងពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលដំណើរការអស់រយៈពេល ២ថ្ងៃនៅពហុកីឡដ្ឋានជាតិលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន បានចាត់ទុកការប្រកួតនេះ គឺជាឱកាសល្អមួយ សម្រាប់សហព័ន្ធក្នុងការសម្លឹងមើលធនធានកីឡាករ-កីឡាការិនីល្អៗមកបណ្ដុះបណ្ដាល និងស្នងតំណែងរៀមច្បង ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានផ្ដល់ដំបូលន្មាន ៣ចំណុចដល់កីឡាករ-កីឡាការិនី ដែលទើបបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិរួមមាន៖

  • ១-ជាតថាភាពនៃការប្រកួតប្រជែង ពុំអាចឲ្យមានទទួលបានជ័យលាភីទាំងអស់នោះទេ។ ដូចនេះសូមកុំឲ្យមានភាពរើសអើង ចំពោះកីឡាករ-កីឡាការិនីទទួលបានជ័យលាភី ឬពុំទទួលបានជ័យលាភី ដោយនេះបានបង្ហាញពីការគោរពដល់ស្មារតីកីឡា តែផ្ទុយទៅវិញយើងត្រូវផ្ដល់នូវការសាទរ ចំពោះអ្នកទទួលបានជ័យលាភី ដែលមានសមត្ថភាពខ្ពស់ជាង ប្រកបដោយស្មារតីសាមគ្គីភាព ក្នុងនាមជាគ្រួសារកីឡាប៉េតង់កម្ពុជា។
  • ២-ចំពោះអ្នកពុំទទួលបានជ័យលាភី ពុំត្រូវបាក់ទឹកចិត្ត ឬអស់សង្ឃឹមនោះទេ សូមចាត់ទុកការមិនទទួលបានជោគជ័យនេះ ជាមេរៀនដែលអនុញ្ញាតឲ្យយើងស្វែងយល់ពីចំណុចខ្វះខាត និងអាចធ្វើឲ្យយើងកាន់តែរឹងមាំជាងមុន។ ផ្ដើមចេញពីចំណុចនេះ គួររៀនដកស្រង់បទពិសោធន៍ និងបច្ចេកទេស ដែលទទួលបានមកពីការប្រកួត ព្រមទាំងអត់ធ្មត់ តស៊ូ និងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ និងសម្រួចសមត្ថភាពលើទីលានហ្វឹកហាត់ និងទីលានប្រកួតនាឱកាសក្រោយៗទៀត ដើម្បីសម្រេចគោលដៅឈានឆ្ពោះទៅធ្វើជាកីឡាករ-កីឡាការិនីអាជីពនាពេលខាងមុខ។
  • ៣-តាមរយៈលទ្ធផលនៃការប្រកួតប្រជែង ខ្ញុំសូមលើកទឹកចិត្ដដល់បងប្អូនកីឡាករ-កីឡាការិនី ឲ្យបន្ដហ្វឹកហាត់ប្រកបដោយគុណភាព គុណផល និងបច្ចេកទេស ដោយតម្រូវឲ្យមានការប្រកួតប្រជែងជាប្រចាំ ដើម្បីជាវាស់ស្ទង់កម្រិតសមត្ថភាព ព្រមទាំងដកស្រង់បទពិសោធន៍ពីដៃគូប្រកួតរបស់ខ្លួន ដើម្បីបន្ដដុសខាត់សមត្ថភាពត្រៀមការប្រកួតនាពេលអនាគត។

ជាមួយគ្នានេះដែរលទ្ធផលនៃការប្រកួតលើ ៥វិញ្ញាសា គឺក្រុមកីឡាប៊ូល និងប៉េតង់ ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ មានមេដាយមាស២ និងប្រាក់១ ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ០។ រីឯទីស្ដីការគណៈរដ្ឋមន្ដ្រី ឈរលេខ៣ ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ២ និងសម្ព័ន្ធកីឡាប៊ូល និងប៉េតង់សម្ដេចវិបុលបញ្ញា សុខ អាន ខេត្តតាកែវ ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១ ឈរចំណាត់ថ្នាក់លេខ៤៕

អត្ថបទ៖ យឿន ពន្លឺ

Share.

Comments are closed.

Exit mobile version