កីឡដ្ឋានព្រីនស៍ របស់ក្លិបាល់ទាត់វិសាខា ត្រូវបានដឹងថាគ្រោងនឹងមានការផ្លាស់ប្ដូរស្មៅធម្មជាតិប្រភេទថ្មីផងដែរ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយ ស្មៅរបស់កីឡដ្ឋានព្រីនស៍ ដែលយើងសង្កេតឃើញថាជាប្រភេទសរសៃធំៗ នឹងត្រូវប្ដូរមកជាស្មៅប្រភេទតូចៗវិញ ដែលដូចទៅនឹងស្មៅរបស់ កីឡដ្ឋានស្មាត.អរ.អេស.អិន ឬកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ជាដើម ដើម្បីឱ្យមានលក្ខណៈរួមគ្នាដូចទៅនឹងស្មៅ ពហុកីឡដ្ឋានជាតិមរតកតេជោ និងស្មៅពហុកីឡដ្ឋានជាតិ (កំពុងជួសជុល)។

កាលពីពេលថ្មីៗនេះ តាមការបញ្ជាក់ដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រាប់បាល់ទាត់ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់បុរស-នារី ដូច្នេះការតម្រង់ឆ្ពោះទៅរកស្ដង់ដារួមគឺជារឿងចំបាច់។

តាមការស្រមៅស្រម៉ៃ ពហុកីឡដ្ឋានជាតិមរតកតេជោ និង ពហុកីឡដ្ឋានជាតិ អាចជាទីតាំងសម្រាប់បាល់ទាត់បុរស ខណៈកីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ អាចជាទីតាំងសម្រាប់បាល់ទាត់នារី។

គួររំលឹកជាថ្មីថា តាមការបញ្ជាក់ដោយឯកឧត្តម វ៉ាត់ ចំរើន ទីលានបាល់ទាត់ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏កំពុងពិនិត្យបច្ចេកទេសលើការរៀបចំស្មៅឡើងវិញផងដែរ បន្ទាប់ពីមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្មីៗ ដើម្បីឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ការប្រកួតស៊ីហ្គេមខាងមុខ។

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

 

រូបភាព៖ Facebook : ក្លិបបាល់ទាត់វិសាខា – Visakha FC – Pride of Cambodia

Share.

Comments are closed.

Exit mobile version