ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២» នៅកីឡដ្ឋានព្រីនស៍ កាលពីល្ងាចថ្ងៃទី៣០ ខែតុលាម្សិលមិញ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបថាក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបារាំង ឬក្រុមបាល់ទះយុវជនបារាំងអាយុក្រោម ២១ឆ្នាំ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីមានជំនួប រវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗ។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតមានប្រសាសន៍ថា កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ ឯកឧត្តមបានជួបពិភាក្សាការងារជាមួយឯកឧត្តម Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង តាមប្រព័ន្ធ Zoom។ កិច្ចប្រជុំនេះ ភាគីបារាំង បានបង្ហាញនូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការផ្លាស់ប្ដូរប្រតិភូ ផ្លាស់ប្ដូរបច្ចេកទេស និងឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលអនាគតផងដែរ។

ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជាដដែលបន្ដថា៖ «ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ»។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាក់បន្ថែមថា៖ «ការប្រកួតលក្ខណៈអន្ដរជាតិនេះ គ្រោងធ្វើឡើងក្រោមជម្រើស២។ ជម្រើសទី១-គឺក្រុមជម្រើសជាតិបារាំង ឬក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់បារាំង មកប្រកួតមិត្តភាពនៅកម្ពុជា។ ជម្រើសទី២-យើងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតនៅប្រទេសបារាំងតែម្ដង។ បច្ចុប្បន្នក្រុមអគ្គលេខាធិការដ្ឋានសហព័ន្ធប្រទេសទាំងពីរ បាននិងកំពុងពិភាក្សារៀបចំការប្រកួតនេះ»។

ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អ និងឈានទៅរកការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៣ លើពិភពលោកនេះ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែលជាស្ថិតក្នុងផែនការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្ដរជាតិឲ្យបានច្រើន។ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣៕

📰  cambodia2023.com

Share.

Comments are closed.

Exit mobile version