សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជាក់ដូច្នេះថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន ៨ រួមមានបង់ក្លាដែស, ហ៊្សកដានី, កៀរស៊ីស្ថាន, ឡាវ, ប៉ាឡេស្ទីន, ថៃ និងវៀតណាម ដែលធ្វើម្ចាស់ផ្ទះវគ្គជម្រុះ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ឆ្នាំ (AFC U-20 Women Asian Cup) ប្រចាំពូលនីមួយៗ (ពីពូល A ដល់ពូល G)។

ការចាប់ពូលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមរបៀបក្នុង ១ពូលមាន ៤ក្រុម (មាន ១ពូលមាន ៣ក្រុម) រួចនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០៣ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន។

នេះជាលើកដំបូងហើយសម្រាប់បាល់ទាត់នារីកម្ពុជា ដែលទទួលរៀបចំបាល់ទាត់កម្រិតអន្តរជាតិ ដ្បិតកន្លងមកមានតែរៀបចំបាល់ទាត់បុរស ឬកម្រិតយុវជន តែប៉ុណ្ណោះ។

ដោយឡែកពានពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ១៧ឆ្នាំ (AFC U-17 Women Asian Cup) ក៏កម្ពុជា នឹងចូលរួមលលើកដំបូងផងដែរ ហើយក្រុមកម្ពុជា នឹងស្ថិតនៅក្រឡទី៤ ត្រៀមចាប់ពូលនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដូចគ្នា។

ក្រោយចាប់ឆ្នោតរួច ការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕

📰  the-afc.com

Share.

Comments are closed.

Exit mobile version