ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ និង ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត បាននឹងកំពុងត្រៀមខ្លួនយ៉ាងល្អប្រសើរដូចគ្នាជាការត្រៀមប្រយុទ្ធតតាំងលើសមរភូមិវាលស្មៅ ដើម្បីរកកៅអីចុងក្រោយឡើងមករួមពូលជាមួយកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំតំបន់អាស៊ាន (AFF Mitsubishi Electric Cup 2022) ឬគេនិយមស្គាល់ថា ‘Suzuki Cup’។
ក្រុមទាំងពីរនេះ ត្រូវប្រកួតជម្រុះចំនួន ២ជើងទៅវិញទៅមក ដែលគ្រោងធ្វើនៅលើទឹកដីរបស់ព្រុយណេ ទាំងពីរជើង ពោលគឺជើងទី១ ប្រកួតនៅថ្ងៃទី០៥ និងជើងទី២ ប្រកួតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ មានតែក្រុមដែលឈ្នះមួយប៉ុណ្ណោះ ទើបអាចឡើងមកចូលរួមក្នុងពូល A ដែលកម្ពុជា រួមជាមួយ ថៃ, ឥណ្ឌូនេស៊ី និងហ្វីលីពីន កំពុងរង់ចាំរួចជាស្រេច។
សម្រាប់កំណត់ត្រានេះ ទីម័រខាងកើត បានឆ្លងផុតវគ្គជម្រុះ ឡើងទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup ចំនួន ៣ដងគឺនៅឆ្នាំ ២០០៤, ២០១៨ និង ២០២០។
ដោយឡែកចំពោះក្រុមជម្រើជាតិព្រុយណេវិញ នឹងរំពឹងធ្វើបានល្អដោយផ្អែកលើការលេងនៅលើទឹកដីរបស់ខ្លួន ក្នុងទីក្រុង Bandar Seri Begawan។ លោក Campesino ដែលបានចូលរួមជាមួយព្រុយណេកាលពីប៉ុន្មានខែមុននោះ ប្រាកដជាមានការអន្ទះសារក្នុងការធ្វើឱ្យក្រុមនេះក្លាយជាទម្រង់មួយ ខណៈដែលលោកចង់ណែនាំពួកគេឱ្យបង្ហាញខ្លួនជាលើកទី២ របស់ពួកគេនៅក្នុងការប្រកួតនេះជើលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៦ មក។
សូមបញ្ជាក់ថា ព្រុយណេ ឬក៏ ទីម័រខាងកើត នឹងត្រូវប្រកួតជាមួយ កម្ពុជា ក្នុងពូល A ដែលគ្រោងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដែលជាការប្រកួតទី៣ របស់កម្ពុជា៕