សហព័ន្ធកីឡារាំកម្ពុជាបានសម្រេចយកថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដោយប្រើតែរយៈពេល១ថ្ងៃប៉ុណ្ណោះ សំរាប់កីឡាករការិនី ប្រជែងគ្នាដណ្ដើមតំណែងជាជើងឯកនាឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះក៍ជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករការិនី មុនការប្រកួតកីឡាជាតិលើកទី៣ ក៍ដូចជាការត្រៀមស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។

អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាលោកស្រី ហង់ ស៊ីមន បានមានប្រសាសន៍ថា៖ តាមពិតទៅការប្រកួតមួយថ្ងៃនឹងក៍វាមានគុណវិបិត្ត និង គុណសម្បិត្តផងដែរ។ ប្រកួត១ថ្ងៃគឺវាហត់បន្ទិចមែន តែវាចំណេញពេលវេលាដល់ក្រុមអត្តពលិក និង ប្រតិភូគ្រូបង្វឹកដែលមានភារៈកិច្ចជាប់ខ្លួនផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ វាការជាការ សន្សំសំចៃថវិការបានច្រើន ដោយសារថវិការរៀបចំមានចំនួនកំណត់ ចឹងយើងតំរូវតែមួយថ្ងៃទេ។ កាលណាយើងធ្វើ២ទៅ៣ថ្ងៃ យើងត្រូវចំណាយលើការជួលឆាក សោន និងសម្ភារៈផ្សេងៗជាច្រើនទៀត ចឹងការចំណាយក៍ច្រើនទៅតាមនោះដែរ។

អគ្គលេខាធិការរូបនេះបន្តទៀតថា៖ ប៉ុន្តែនៅក្នុងនឹងក៍យើងដឹងអំពីកម្រិតសមត្ថភាពរបស់កីឡាករការិនីផងដែរ គឺកាលណាពួកគាត់ធ្វើការហ្វឹកហាត់ដិតដល់ គឺពួកគាត់អត់សូវហត់នោះទេ។ ម្យ៉ាងវិញទៀត គឺយើងធ្វើទៅតាមបច្ចេកទេសរបស់សហព័ន្ធកីឡារាំអាស៊ី និង ពិភពលោក។
ជាមួយនឹងការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២២នេះ សហព័ន្ធមានគោលបំណងចង់វាស់ស្ទង់នូវសមត្ថភាពរបស់កីឡាករការិនីជម្រើសជាតិដែលជាTeam Sea Game ដែលគាត់បានធ្វើការហ្វឹកហាត់កន្លងមកនេះ តើគុណផលបានឈានឡើងដល់កម្រិតណា សម្រាប់ឆ្ពោះទៅប្រកួត World Dance Sport Championship 2020 នៅប្រទេសវៀតណាម នាថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ ។ មិនត្រឹមតែប៉ុណ្ណោះក៍ជាការត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង ចូលរួមប្រកួតធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ផងដែរ។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតនេះនឹងមានប្រតិភូគ្រូបង្វឹកនិង កីឡាករការិនី ប្រមាណជាង៥០នាក់ មកពី៦ក្លិប ដោយក្នុងនោះមានក្លិបក្រសួងមហាផ្ទៃ ក្លិបកងទ័ពជើងទឹក ក្លិបខេត្តកណ្ដាល កំពង់ចាម ក្លិបវ៉េស្ទឡាញន៍ និង ក្លិបThaining Tunt ចូលរួមប្រកួតប្រជែងនៅក្នុងសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡាដ្ឋានជាតិ(អូឡាំពិក)។

ខណៈដែលវិញ្ញាសារមានរហូតទៅដល់២៣វិញ្ញាសារ ដូចឆ្នាំមុនដែរ ដោយក្នុងនោះមាន latin Dance , Standard Dance និង Breaking Dance ជាវិញ្ញសារសម្រាប់ក្រុមជម្រើសជាតិ៕

អត្ថបទ៖ យឿន ពន្លឺ

Share.

Comments are closed.

Exit mobile version