ស្របពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ នឹងចាប់ផ្ដើមនាពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះក្រសួងអប់រំ យុវជន និង កីឡា បានដុតដៃដុតជើងក្នុងការរៀបចំឱ្យបានល្អជាមួយនឹងសហព័ន្ធកីឡាជាតិទាំងអស់ ក្នុងគោលបំណងរួមគ្នាយកជ័យជំនេះក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ថ្លែងក្នុងសន្និសិទកាសែត កាលពីកាលពីល្ងាចថ្ងៃទី ០៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនម្សិលមិញនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា៖ ពិធីបើកផ្លូវការ គ្រោងធ្វើថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទគ្រោងធ្វើនាថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកបន្តថា៖ ការរៀបចំកីឡាជាតិនេះ គឺផ្តល់ឲ្យមន្ត្រីរៀបចំបច្ចេកទេសបានស៊ាំទៅនឹងបទពិសោធន៍ កែលម្អចំណុចខ្វះខាត ព្រមទាំងជួយបង្កើនបច្ចេកទេសដល់ក្រុមកីឡាករ កីឡាការិនី។ ជាពិសេសក្រុម ជម្រើសជាតិមួយចំនួន ក្នុងចំណោម ៣៨ប្រភេទកីឡា ខណៈក្រុមជម្រើសជាតិជាច្រើនទៀតកំពុងហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមខ្លួនក្នុងពេលដំណាលគ្នានៃដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣។ សហព័ន្ធកីឡាជាតិទាំង ៣៨ប្រភេទកីឡាមានតួនាទីសំខាន់មួយទៀត តាមរយៈការចាត់តាំងនាយកបច្ចេកទេសដើម្បីធ្វើកិច្ចការរួមគ្នាជាមួយគណៈកម្មាធិការជាតិ CAMSOC ឆ្ពោះទៅស៊ីហ្គេម ២០២៣។

«គោលបំណងធំមួយទៀត នៃការរៀបចំកីឡាជាតិលើកទី៣ គឺការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ឲ្យកាន់តែមានគុណភាពខ្ពស់ ពីព្រោះការប្រកួតកីឡាមួយដែលជោគជ័យ ត្រូវមានការកាត់សេចក្តីពីអាជ្ញាកណ្តាល។ ប្រសិនបើអាជ្ញាកណ្តាលមិនមានគុណភាពល្អ នឹងធ្វើឲ្យការប្រកួតមួយមានភាពមិនប្រក្រតី បង្កើតទៅជាជម្លោះ មិនយុត្តិធម៌។ ការរៀបចំកីឡាជាតិលើកទី៣នេះផ្តោតសំខាន់ខ្លាំងទៅលើបទពិសោធន៍របស់មន្ត្រីបច្ចេកទេស ឆ្ពោះទៅគោលដៅចម្បងចំពោះមុខ គឺស៊ីហ្គេម ២០២៣ ហើយនៅពេលរៀបចំកីឡាជាតិ លើកទី៤ នឹងផ្តោតសំខាន់លើគុណភាព ច្រើនជាងបរិមាណ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ស សុខា។

គួបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍នេះមានប្រភេទកីឡាមានចំនួន៣៨ និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសាសរុប៤០៥ នៅភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប៕

អត្ថបទ៖ យឿន ពន្លឺ

Share.

Comments are closed.

Exit mobile version