ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (FIFA World Cup 2022) ប្រទេសកាតា នឹងមកដល់នៅសប្ដាហ៍ក្រោយ ខណៈអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងជាអតីតកីឡាករជម្រើសជាតិជប៉ុន លោក Keisuke Honda បន្តកាន់កំណត់ត្រាមួយ ដែលមិនទាន់មានកីឡាករអាស៊ីណាបំបែកបាននៅឡើយ។
លោក Keisuke Honda គឺកំពុងស្ថិតនៅជាកីឡាករអាស៊ីដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) ពោលគឺ រកបាន ៤គ្រាប់ ក្នុងចំណោម World Cup ៣លើកចុងក្រោយដែលបានចូលរួម។
៤គ្រាប់របស់ Honda រួមមាន នៅឆ្នាំ២០១០ នាប្រទេសអាហ្វ្រិកខាងត្បូង រកបាន ២គ្រាប់ ទល់នឹង កាម៉េរូន និងដាណឺម៉ាក់។ ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល រកបាន ១គ្រាប់ ទល់នឹងកូឌីតវ័រ។ និង World Cup ចុងក្រោយរបស់គេនៅឆ្នាំ២០១៨ រកបាន ១គ្រាប់ទៀតទល់នឹង សេណេហ្គាល់។
លើសពីនេះបានធ្វើឱ្យលោកកាន់កំណត់ត្រាជាកីឡាករអាស៊ី ដំបូងគេដែលរកគ្រាប់បាល់បានគ្រប់ការបង្ហាញខ្លួនទាំង ៣លើកនៃ World Cup។
កីឡាករអាស៊ីដទៃទៀតដែលរកគ្រាប់បាល់បានតិចជាង លោក Honda គឺកីឡាករ Tim Cahill របស់អូស្ត្រាលី, Sami Al Jaber របស់អារ៉ាប៊ីសាអូឌីត និង Ahn Jung-hwan ជាមួយ Park Ji-sung របស់កូរ៉េខាងត្បូង គឺជាអ្នកស៊ុតបញ្ចូលទីបន្ទាប់ នាំមុខគេនៅអាស៊ី ដោយរកបាន ៣គ្រាប់ក្នុងម្នាក់ៗ៕