ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ សម្រេចយកប្រទេសម៉ាឡេស៊ី ធ្វើជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតពានរង្វាន់ជើងឯកអាស៊ាន ‘AFF Mitsubishi Electric Cup 2022’ ដែលបានកៅអីឡើងមកលេងជាផ្លូវការកាលពីពេលថ្មីៗ តាមរយៈការយកឈ្នះ ទីម័រខាងកើត ក្នុងវគ្គជម្រុះ។

យោងតាមសារព័ត៌មានក្នុងស្រុករបស់ព្រុយណេ brusports.com បានបញ្ជាក់ថា ជម្រើសជាតិព្រុយណេ បានសម្រេចយកកីឡដ្ឋាន Stadium Kuala Lumpur ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ធ្វើជាទឹកដីរបស់ខ្លួនវិញ មូលហេតុគឺដោយសារពហុកីឡដ្ឋានជាតិរបស់ខ្លួន ‘Hassanal Bolkiah National Stadium’ កំពុងស្ថិតក្នុងការជួសជុល។
ជាក់ស្ដែងកាលពីពេលលេងវគ្គជម្រុះដែលធ្វើនៅលើទឹកដីព្រុយណេ ទាំងពីរជើងនោះ ក៏មិនមែនលេងនៅលើពហុកីឡដ្ឋានជាតិនេះដែរ គឺលេងនៅលើទីលានហ្វឹកហាត់ Track & Field Sports Complex ដែលនៅក្បែរពហុកីឡដ្ឋានជាតិតែម្ដង។

ព្រុយណេ ត្រូវឡើងមកពូល A ដែលជួប កម្ពុជា, ថៃ, ហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយត្រូវធ្វើជាម្ចាស់ផ្ទះចំនួន ២ប្រកួតក្នុងពូលនេះ។ នេះដោយយោងទៅតាមរូបមន្តថ្មី គឺគ្រប់ក្រុមទាំងអស់ ប្រកួតក្នុងដី ២ដង និងក្រៅដី ២ដង។
ព្រុយណេ នឹងត្រូវធ្វើជាម្ចាស់ផ្ទះពេលប៉ះ ថៃ នៅប្រកួតបើកឆាក និងប្រកួតទី៣ ពេលប៉ះឥណ្ឌូនេស៊ី។ ជាមួយគ្នាផងដែរ ព្រុយណេ នឹងត្រូវជួបកម្ពុជា នៅប្រកួតទី២ ប៉ុន្តែលេងនៅទឹកដីកម្ពុជា។
ជម្រើសជាតិព្រុយណេ ដែលបានកៅអីឡើងមកលេងពានរង្វាន់ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 គឺជាលើកដំបូងក្នុងរយៈពេល ២៦ឆ្នាំ បន្ទាប់ពីបានយកឈ្នះ ជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផលសរុបទាំងពីរជើង ៦-២៕