ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 បានកោះហៅកីឡាករ ៤៥នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងមួយនេះ។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន កីឡាករទាំង ៤៥នាក់នេះ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះតទៅ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ បញ្ជីឈ្មោះកីឡាករភាគច្រើនគឺពុំសូវមានកីឡាករកូនកាត់ច្រើនដូចមុនឡើយ។

ចំពោះកីឡាករដែលត្រូវបានកោះហៅ ភាគច្រើនលេងនៅក្នុងស្រុក ជាពិសេសមកពីក្រុមយុវជន U-23 ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ហ្វីលីពីន ‘Azkals Development Team’ ហើយលេងនៅលីគកំពូល រហូតដល់ ១៥នាក់ (ក្រុមនេះមានសណ្ឋានស្រដៀង ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីរបស់កម្ពុជា)។ លើសពីនេះមានមកពីក្លិបធំៗ United City (អតីត Ceres–Negros) និងក្លិប Kaya Futbol Club–Iloilo។

ចំពោះកីឡាករមួយចំនួនធំដែលលេងនៅក្រៅប្រទេសគឺភាគច្រើនលេងនៅលីគកំពូលថៃ (Thai League 1) ពោលគឺមាន ៥នាក់ ក្រៅពីនេះមានលេងនៅលីគកំពូលម៉ាឡេស៊ី ២នាក់, នៅលីគដាណឺម៉ាក (លីគទី៤) ១នាក់, លីគកំពូលកាណាដា នាក់,  និងលីគទី២ ជប៉ុន ១នាក់។

កីឡាករសំខាន់ៗពីមុនដែលសុទ្ធសឹងតែបង្ហាញខ្លួនបានច្រើនប្រកួតដូចជា អ្នកចាំទី Neil Etheridge (របស់ Birmingham City), Mike Ott, Manny Ott, OJ Porteria (អតីតកីឡាករគីរីវង់សុខសែនជ័យ), Kevin Ingreso, ខ្សែប្រយុទ្ធដែលបច្ចុប្បន្នរកបានច្រើនគ្រាប់ (១៣គ្រាប់) Ángel Guirado និង Patrick Reichelt (១២គ្រាប់) គឺមិនមានឈ្មោះឡើយ មានតែកីឡាករ Stephan Schröck មួយប៉ុណ្ណោះដែលជាកីឡាករចាស់វស្សា ហើយបន្តមានឈ្មោះជាមួយក្រុមរហស្សនាម ‘ឆ្កែអនាថា’ មួយនេះ។

ហ្វីលីពីន ក៏បានណាត់ប្រទេសចំនួន ២ ដើម្បីប្រកួតមិត្តភាពខែធ្នូ ពោលគឺគេនឹងជួបប្រកួតជាមួយ ឆាយនីសតៃប៊ិ នៅថ្ងៃទី០៨ បន្ទាប់មកជួប វៀតណាម នៅថ្ងៃទី១៤ ខែធ្នូ។

ហ្វីលីពីន គឺជាក្រុមរួមពូល A ដែលមានកម្ពុជា, ថៃ, ឥណ្ឌូនេស៊ី និងព្រុយណេ។ គេនឹងជួប កម្ពុជា នៅប្រកួតបើកឆាក ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីកម្ពុជា៕

Share.

Comments are closed.

Exit mobile version