ភ្នំពេញ៖ បន្ទាប់ពីធ្វើតាមអនុលោមរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹង CAMSOC រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកកីឡាជាតិ លើកទី៣ អោយដូចទៅនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នោះ សហព័ន្ធបានបញ្ចប់ការប្រកួតរបស់ខ្លួនដោយជោកជ័យកាលពីល្ងាចម្សិលមិញនេះ ក្រោយដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃកន្លងមកនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះដំណើររៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ ដែលស្ដែងឲ្យឃើញពីការត្រៀមខ្លួនបានយ៉ាងល្អរបស់សហព័ន្ធ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ស្របតាមនិយាមបច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្ដរជាតិ ។

តាមរយៈនេះ ឯកឧត្តមបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រឺងហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង ដើម្បីធានាបាននូវគុណផលកីឡាកម្រិតខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។

ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ថ្ងៃ សម្រាប់លទ្ធផលការប្រកួតកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះ គឺសមាគមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ៨ ប្រាក់ ២ និងសំរឹទ្ធិ ១, ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស ៧ ប្រាក់ ៤ និងសំរឹទ្ធិ ៤, ខេត្តស្វាយរៀង ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធិ ៣ និងខេត្តព្រៃវែង ឈរលេខ៤ ឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធិ ២គ្រឿង ៕

អត្ថបទ៖ យឿន ពន្លឺ

Share.

Comments are closed.

Exit mobile version