លោក YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍ បានកោតសសើរដល់សិក្ខាកាមទាំង ២៥នាក់ ដែលចូលរួមវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសអន្តរជាតិកីឡាលើកទម្ងន់ លើកទី១ រយៈពេល៤ថ្ងៃ យកចិត្តទុកដាក់រៀនបានយ៉ាងល្អ។

វគ្គនេះសំខាន់សម្រាប់ការរៀបចំការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ការប្រកួតជាតិលើកទី៣ នាពេលខាងមុខនេះ។ លទ្ធផលនិទ្ទេសល្អណាស់ ១៥ ភាគរយ ល្អ ៣៥ ភាគរយ ល្អបង្គួរ ២៥ ភាគរយ មធ្យម ២៥ ភាគរយ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបាននិយាយថា៖ «វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់អន្តរជាតិនេះ ត្រូវបានធ្វើឡើងរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២២-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វគ្គនេះ ទទួលបានការគាំទ្រជាថវិកាសរុប ៨,៩៤០ដុល្លារ ក្នុងនោះ ទទួលបានពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) ចំនួន ៥,៥០០ដុល្លារ និងពីគណៈកម្មាធិការជាតិ CAMSOC ចំនួន ៣,៤៤០ដុល្លារ។

លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានតំណាងឲ្យ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានថ្លែងក្នុងពិធីបិទថា៖ «សិក្សានេះនឹងធ្វើឲ្យបានច្បាស់លាស់ឈានឆ្ពោះទៅជាមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ដឹកនាំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។»

តាមការអនុញ្ញាតរបស់ រាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ចូលរួមរៀបចំការ ប្រកួតកីឡាលើកទម្ងន់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះជាការអនុវត្តជាក់ស្ដែង សម្រាប់មន្ត្រី បច្ចេកទេសទាំងអស់គ្នា។

ជាមួយគ្នានេះផងដែរ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបានរៀបចំមហាសន្និបាតអាណត្តិលើកទី១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដែលមានការទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់អាណត្តិទី១ (២០១៨-២០២២) នោះ ត្រូវបានរំសាយជាផ្លូវកាលហើយកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយអង្គមហាសន្និបាតទាំងមូលបានសំរេចជ្រើសរើសឯកឧត្តម វ៉ាត់ ចំរើន ធ្វើជាប្រធានសហព័ន្ធបន្តរយៈពេល ៥ឆ្នាំទៀត សម្រាប់ (អាណត្តិទី២) ២០២២-២០២៦ ព្រមជាមួយនឹងសមាជិក-សមាជិកា ១០រូបទៀត។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានឱ្យដឹងថា៖ «ក្នុងរយៈពេល ៤ឆ្នាំ អាណត្តិទី១ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានរួមចំណែកយ៉ាងកក់ក្តៅ ជាមួយរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ជិត៣ឆ្នាំ។»

«សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍធនធានមនុស្ស មានសមាជិកក្លិប ចំនួន ២៩ក្លិប នៅរាជធានីភ្នំពេញ-ខេត្តកណ្តាល ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ចាម និងសហការជាមួយសមាគមកីឡាលើកទម្ងន់ នៃក្រសួងមហាផ្ទៃ។ មានការកើនឡើង ១៩ក្លិប ដែលមានខេត្ត ចំនួន៦ និងក្រសួងមហាផ្ទៃ។ ដើម្បីត្រៀមរៀបចំការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងចូលរួមចំពោះកិច្ចការអន្តរជាតិនានា។» លោក សំ សុខយី បានបន្ថែម។

អគ្គលេខាធិការរូបនេះបានបន្តថា៖ «សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា សម្រាប់អាណត្តិទី២ (២០២២-២០២៦) នឹងប្តេជ្ញាកសាងសមត្ថភាព មន្ត្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឲ្យបាន។ ដោយក្នុងនោះទី១ មានផែនការយុទ្ធសាស្ត្រប្រចាំអាណត្តិ និងផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ។ ទី២ ជំរុញរៀបចំ បញ្ជូនចូលរួមការប្រកួតកីឡាលើកទម្ងន់លើកឆាកអន្តរជាតិនានា ដើម្បីបន្តនិរន្តភាព ដណ្ដើមមេដាយជូនជាតិមាតុភូមិ និងទី៣ បន្តទំនាក់ទំនងសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ អាស៊ី និងអាស៊ីអាគ្នេយ៍។»

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រតិបត្តិអាណត្តិទី២ របស់សហព័ន្ធមាន ឯកឧត្តម វ៉ាត់ ចំរើន ជាប្រធាន, លោក ផាត់ បញ្ញាសុជាតក៍, លោក ណយផាណា, លោកជំទាវ ស៊ា សំភា ជាអនុប្រធាន, លោកសំ សុខយី ជាអគ្គលេខាធិការ, លោក ជីន សំណាង និង លោក ឈុំ វាសនា ជាអគ្គលេខាធិការរង , លោក សឹង ពិសី អគ្គហេរញ្ញឹក , អ្នកស្រី ទ្រី សុថាវី អគ្គហេរញ្ញឹករង និង ៦នាក់ទៀត ជាសមាជិក៕

 

អត្ថបទ៖ យឺន ពន្លឺ

Share.

Comments are closed.

Exit mobile version