ក្រសួងមហាផ្ទៃ បានក្រសោមមេដាយមាសរហូតទៅដល់ ១០គឿងម្នាក់ឯងក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ផ្នែកកីឡាតេក្វាន់ដូ WT ដោយក្រសួងការពារជាតិ តាមពីក្រោយមានមេដាយមាស ៣គ្រឿងប៉ុណ្ណោះ ក្រោយប្រកួតអស់រយៈពេល ៤ថ្ងៃ នៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូ លោក ជ្រិន សុធា បានឱ្យដឹងថា៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ១០គ្រឿង, ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមមេដាយមាស ៣គ្រឿង, ប្រាក់ ៥គ្រឿង និងសំរិទ្ធ ២ គ្រឿង, ខេត្តបាត់ដំបូង ដណ្តើមមេដាយមាស ២គ្រឿង, ប្រាក់ ៣គ្រឿង និងសំរិទ្ធ ៣គ្រឿង, ខេត្តកំពង់ចាម ដណ្តើមមេដាយមាស ២គ្រឿង, ប្រាក់ ១គ្រឿង និងសំរិទ្ធ ៤គ្រឿង, ខេត្តព្រៃវែង ដណ្តើមមេដាយមាស ២គ្រឿង, ប្រាក់ ១គ្រឿង និងសំរិទ្ធ ២ គ្រឿង, ខេត្តប៉ៃលិន ដណ្តើមមេដាយមាស ១គ្រឿង និងសំរិទ្ធ ១គ្រឿង។

លោកបន្តថាការប្រកួតនេះមាន ក្រសួង រាជធានី-ខេត្ត ១៤ចូលរួម រួមមាន ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តព្រៃវែ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យខេត្តរតនគិរី ខេត្តមណ្ឌលគិរី ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ លើ ២១វិញ្ញាសា។

ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានថ្លែងអំណរគុណ និងដឹងគុណបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសដល់វិស័យកីឡា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ បានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាជាតិលើកទី៣ នេះឡើង ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករ-កីឡាការិនី ទាំងអស់ត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ៕

ថ្នាក់ដឹកនាំការ៉ាតេដូ៖ ព្រឹត្តិការណ៍កីឡាជាតិ គឺជាផ្នែកមួយដ៍សំខាន់ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទៃស៊ីហ្គេម ២០២៣

ដើម្បីតេស្តសមត្ថភាពកីឡាករការិនី សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បានសំរេចជ្រើសយកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះជាការធ្វើតេស្តទាំងបច្ចេកទេស និងយុទ្ធសាស្រ្តផ្សេងៗ ឱ្យដូចទៅនឹងការប្រកួតកីឡាស៊ីហ្គេម ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានថ្លែងក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៣ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការប្រកួតកីឡាជាតិ ជាលើកដំបូង នៅឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងសមត្ថភាព គណៈកម្មការរៀបចំការប្រកួត និងកីឡាករ-កីឡាការិនី ដើម្បីឆ្ពោះទៅចូលរួមកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ហេតុដូច្នេះព្រឹត្តិការណ៍កីឡាជាតិនេះ ត្រូវបានរៀបចំឡើងមានលំនាំដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង។»

លោកបានបញ្ជាក់ថា៖ «ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ ជាព្រឹត្តិការណ៍នៃការសាមគ្គី សន្តិភាព ការសាកល្បង ត្រៀមលក្ខណៈរៀបចំ ពង្រឹងសមត្ថភាព ដើម្បីធ្វើការវាយតម្លៃ និងកែលម្អ បំពេញបន្ថែមចំណុចខ្វខាតនូវកម្រិតស្តង់ដារ បទពិសោធ បច្ចេកទេស យុទ្ធសាស្រ្ត និងយុទ្ធវិធី សម្រាប់ការរៀបចំប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាកិត្តិយសរបស់ប្រទេសជាតិយើង»។

ជាមួយគ្នានេះដែរលោកក៏បានជំរុញឱ្យមន្រ្តីបច្ចេកទេស ជាពិសេសអាជ្ញាកណ្តាល និងចៅក្រមកាត់សេចក្តី នៅលើទីលាន ត្រូវអនុវត្តការងារ ដោយតម្លាភាព និងគ្មានការរើសអើងដើម្បីធ្វើឱ្យការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ ទទួលបានជោគជ័យស្របពេលដែលប្រភេទកីឡានេះ បាននឹងកំពុងមានការរីកចម្រើន នៅលើឆាកអន្តរជាតិផងដែរ។

គួបញ្ជាក់ផងដែរថា ការប្រកួតនេះមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលការ៉ាតេដូ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន ១០២នាក់ ក្នុងនោះមានប្រតិភូ ១១នាក់, គ្រូបង្វឹក ១៥នាក់, កីឡាករ ៤៧នាក់ និងកីឡាការិនី ២៩នាក់, មកពីក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការពារជាតិ, រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ហើយអ្នកទាំងនេះ ត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាសម្តែងកាតា និងប្រយុទ្ធសរុបចំនួន ១២៕

 

អត្ថបទ៖ យឺន ពន្លឺ

Share.

Comments are closed.

Exit mobile version