កាលពីព្រឹកម្សិលមិញ នៅអាគារ NOCC នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ «ជោគជ័យដ៏ធំធេងនេះ គឺជាការរួមគ្នាជាធ្លុងមួយក្នុងការតស៊ូមតិយ៉ាងយូរ មិនតិចជាង ១ទស្សវត្សរ៍»។ មានប្រសាសន៍បែបនេះ នៅក្នុងពិធីអបអរសាទរ នូវមោទកភាពជាតិចំពោះការដាក់បញ្ជូលគុនល្បុក្កតោក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ច័ន្ទ សារុន បានថ្លែងបែបនេះថា៖  «ក្នុងឱកាសដ៏សប្បាយរីករាយនេះ ខ្ញុំនៅតែស្តាយថា លោកគ្រូតាជាច្រើនរូបបានបាត់បងជីវិតជាបន្តបន្ទាប់។ ហើយនៅពេលនេះ ប្រសិនបើពួកគាត់នៅមានជីវិត មិនដឹងពួកគាត់សប្បាយចិត្តខ្លាំងប៉ុណ្ណានោះទេ។ យើងសប្បាយ១ ពួកគាត់សប្បាយ១០។ បើយើងសប្បាយ១០ ពួកគាត់សប្បាយ១០០ដង។ នេះជាហេតុផលមួយ ដែលយើងទាំងអស់គ្នាត្រូវចងចាំនូវការខិតខំតស៊ូយ៉ាងច្រើនរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ហើយខ្ញុំសូមឧទ្ទិសនូវស្នាដៃដ៏ធំធេងនេះជូនដល់ពួកគាត់»។

«នេះជាមោទកភាពជាតិកម្ពុជា ដែលប្រជាជននៅលើពិភពលោកបានទទួលដឹងឮរួចហើយនូវគុនល្បុក្កតោត្រូវបានដាក់បញ្ជូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ បើយើងមិនបានបំពេញលក្ខខណ្ឌបានពេញលេញនោះទេ អង្គការយូណេស្កូនឹងដកទៅវិញ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាការពារឲ្យបានល្អប្រសើរនូវភាពជោគជ័យនេះ»។ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានគូសបញ្ជាក់បន្ថែម។

ប្រធានសហព័ន្ធរូបនេះបន្ថែមថា៖ នេះគឺជាជោគជ័យប្រកបដោយមោនកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។

«ជោគជ័យនេះគឺជាសក្ខីភាពបង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងសាលាគុនលោកគ្រូព្រឹទ្ធាចារ្យ និងសិស្សគុនល្បុក្កតោទាំងអស់តាមបណ្តារាជធានីខេត្តទូទាំងព្រះរាណាចក្រកម្ពុជា»៕

អត្ថបទ៖ យឺន ពន្លឺ

Share.

Comments are closed.

Exit mobile version