អត្តពលិកប្រណាំងម៉ូតូ Kara ប្រមាណ៤៨នាក់ នឹងចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ប្រណាំងម៉ូតូ ម៉ូតូលើវាលរាប (ELF Cup Race Endurance) ពីថ្ងៃទី០៩ ដល់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២២ នៅទីលានទឹកដីខេត្តកំពង់ស្ពឺ។ ដោយម្ចាស់ជ័យលាភី Endurance នឹងទទួលបានទឹកប្រាក់៤លានរៀល។

ថ្លែងក្នុងពិធីសន្និសិទការសែត កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុន ភ្នាក់ងាររៀបចំការ៉ាកម្ពុជា ថាការប្រកួតនេះនឹងមានការចូលរួមប្រកួតពីកីឡាករខ្មែរ និងកីឡករជប៉ុនម្នាក់ សរុប ៤៨នាក់ ដោយចែកចេញជា ៥កម្រិតលើចម្ងាយផ្លូវ ១៦០០ម៉ែត្រ ក្នុងនោះ មានផ្លូវបត់កាច់កោងសរុប១៣។ កម្រិត A មានកីឡាករចូលរួមប្រកួតប្រជែងចំនួន៩នាក់, កម្រិត B ២៩នាក់ (កីឡាការិនីម្នាក់), កម្រិត C ១០នាក់ (កីឡាករកម្ពុជា៩នាក់ និងជប៉ុនម្នាក់) និងកម្រិត D ខណៈផ្នែក Endurance មានកីឡាករចូលរួមសរុប ២០នាក់ ស្មើនឹង១០ក្រុម។ ចំពោះក្រុមមេកានិក មានចំនួន ៤៣នាក់។

លោកក៏បានអំពាវនាវដល់កីឡាករ និងអ្នកគាំទ្រវិស័យកីឡាយានយន្ត សូមបន្តចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូលើវាលរាបបានខកខានចំនួន ២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នៅឆ្នាំក្រោយ KARA ប្តេជ្ញារៀបចំព្រឹត្តិការណ៍ដូចគ្នានេះឱ្យបាន ២ដង ក្នុង១ឆ្នាំ ដើម្បីជំរុញឱ្យជំនាញកីឡាមួយនេះកាន់តែមាន ការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជា លោក ខៃ វណ្ណៈ បាននាំយកនូវការផ្តាំផ្ញើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ថាពាក់ព័ន្ធនឹងការរៀបចំការប្រណាំងម៉ូតូលើវាល រាបនេះដោយផ្តោតសំខាន់លើ គោលការណ៍ចម្បងចំនួនពីរ គឺគោលការណ៍ថែរក្សាសុវត្ថិភាព និងគោលការណ៍គោរពវិន័យឱ្យបានខ្ពស់ បំផុត ក្នុងការប្រណាំង។

លោកអគ្គលេខាធិការរងស្នើឱ្យអ្នករៀបចំយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការថែរក្សាសុវត្ថិភាព និងការគោរពវិន័យឱ្យបានល្អប្រសើរ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដោយការគោរពវិន័យសំដៅទៅ លើកីឡាករ ដោយតម្រូវឱ្យគោរពបទបញ្ជាការប្រកួត និងលក្ខខណ្ខប្រកួតឱ្យបានល្អប្រសើរ។

គួបញ្ជាក់ផងដែរថា សម្រាប់ប្រាក់រង្វាន់ជ័យលាភីផ្នែក Endurance ម្ចាស់ជ័យលាភីជើងឯក ប្រាក់រង្វាន់ ៤លានរៀល, លេខ២ ប្រាក់រង្វាន់ ៣លានរៀល និងលេខ៣ ប្រាក់រង្វាន់ ២លានរៀល។ ដោយ ឡែកប្រាក់រង្វាន់សម្រាប់កម្រិត A B C D នឹងទទួលបានប្រាក់រង្វាន់លេខ១ ទឹកប្រាក់២លានរៀល, លេខ២ ប្រាក់រង្វាន់ ១លាន២សែនរៀល និងលេខ៣ មានប្រាក់រង្វាន់ ៨០ម៉ឺនរៀល៕

Share.

Comments are closed.

Exit mobile version