ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (AFF Club Championship) ដែលស្ទើរតែនឹងបានរៀបចំការប្រកួត កាលពីឆ្នាំ២០២០ បានត្រលប់មកត្រៀមខ្លួនរៀបចំសារជាថ្មី បន្ទាប់ពីខកខានរៀបចំកាលពី ២ឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។

ពានរង្វាន់នេះដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ដោយមានក្លិបបាល់ទាត់នៅអាស៊ានទាំងអស់ចូលរួមនោះ ក៏ត្រូវបានសម្រេចលុបចោលវិញ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ រីករាលដាលជំវិញពិភពលោក។ ពាននេះយកតែក្រុមជើងឯកលីគប្រចាំប្រទេសនីមួយៗ ហើយគ្រាដែលគ្រោងធ្វើនៅឆ្នាំ២០២០ ក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ត្រូវទទួលបានកៅអីនេះ តែក្រោយមកក៏ខកខានវិញដូចបានរៀបរាប់ខាងលើ។ នេះដោយយោងតាមគណៈកម្មាធិការប្រកួតប្រជែង AFF បានប្រកាសនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិត កាលពីខែតុលា កន្លងទៅ។

ដោយឡែកជាមួយនឹងការវិលត្រលប់មកវិញ នៅឆ្នាំក្រោយនេះ ក្រុមរបស់កម្ពុជា ក៏នឹងទួួលបានកន្លះកៅអីផងដែរ (ប្រកួតក្នុងវគ្គជម្រុះ) ដែលមាន ៤ក្រុម គឺកម្ពុជា, មីយ៉ាន់មា, ឡាវ និងព្រុយណេ។ ជម្រុះយកតែ ២ក្រុមប៉ុណ្ណោះដើម្បីឡើងទៅវគ្គចែកពូល ដែលមាន ១០ក្រុមផ្សេងទៀតរង់ចាំ ទៅបែងចែកជា ២ពូល។

ក្រុមទាំង ១០ដែលរង់ចាំនោះរួមមាន ថៃ ២ក្រុម, វៀតណាម ២ក្រុម, ម៉ាឡេស៊ី ២ក្រុម និងឥណ្ឌូនេស៊ី ២ក្រុម ខណៈសិង្ហបុរី ១ក្រុម និងហ្វីលីពីន ១ក្រុម។

ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ តទៅសម្រាប់វគ្គជម្រុះ រហូតដល់បញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយលេង ២ជើង ក្នុងដី និងក្រៅដីទាំងអស់។

ភ្នំពេញក្រោន គឺជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ដោយបានតស៊ូយ៉ាងស្វិតស្វាញ ពីការត្រូវបាន ព្រះខ័នរាជស្វាយរៀង នាំមុខដល់ទៅ ១៨ពិន្ទុត្រឹមសប្ដាហ៍ទី១៥ រហូតដល់វាយបកឈ្នះជ់ងឯកនៅសប្ដាហ៍ចុងក្រោយ (សប្ដាហ៍ទី២៧) ដោយឈ្នះរូបមន្ត Hea to Head លើវិសាខា ដែលមាន ៥២ ពិន្ទុស្មើគ្នា។

ដូច្នេះបានសេចក្ដីថា ភ្នំពេញក្រោន ត្រូវលេងពានរង្វាន់ AFC Cup ផង ក៏ដូចជាពានរង្វាន់ AFF Club Championship ផង ហើយស្ថិតនៅក្នុងវគ្គជម្រុះដូចគ្នា។ ពោលគឺលេងក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ ដូចគ្នា ដើម្បីរកកៅអីឡើងទៅវគ្គចែកពូលតាមពានរង្វាន់រៀងៗខ្លួន៕

 

ប្រភព៖ 2023 AFF Club Championship schedule, structure announced

Share.

Comments are closed.

Exit mobile version