ស្ថិតក្នុងដំណាក់កាលនៃពេលសម្រាកពានរង្វាន់ក្នុងស្រុក ក្លិបបាល់ទាត់នីមួយៗនៅប្រទេសកម្ពុជាយើងកំពុងតែធ្វើការចរចារជាមួយកីឡាករមួយចំនួនដើម្បីពង្រឹងក្រុមរបស់ខ្លួនសម្រាប់ត្រៀមប្រកួតពានរង្វាន់នានានៅឆ្នាំក្រោយ។ ខាងក្រោមនេះគឺជាដំណឹងមួយចំនួនអំពីការផ្លាស់ប្តូរទ្រនំថ្មីរបស់កីឡាករមួយចំនួន៖

អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ហ៊ុល គីមហ៊ុយ ត្រូវបានចែកផ្លូវគ្នាជាមួយក្រុមបឹងកេតហើយ ហើយរូបគេអាចនឹងចូលរួមជាមួយវិសាខានៅរដូវកាលក្រោយនេះ បើទោះបីជាអ្នកចាំទី ២ រូបទៀតរបស់វិសាខាសុទ្ធតែជាកីឡាករជម្រើសជាតិក៏ដោយ។

មិនខុសអីពី គីម ហ៊ុយ បឹងកេតក៏បានបញ្ចេញកីឡាករមួយរូបទៀតរបស់ខ្លួន គឺ ខ្សែការពារឆ្វេង សេត រ៉សុីប ដោយកីឡាកររូបនេះអាចនឹងចូលរួមជាមួយព្រះខ័នរាជស្វាយរៀងនៅរដូវកាលក្រោយផងដែរ។

អ្នកចាំទីដៃទី ១ របស់វិសាខា គឺ កែវ សុខសិលា ក៏មានលេចដំណឹងចំនួន ២ ផងដែរអំពីការចាកចេញនោះគឺ រូបគេអាចនឹងចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង និងក៏កំពុងមានទំនាក់ទំនងជាមួយក្រុមនៅប្រទេសឥណ្ឌូនេសុីផងដែរ។ ហើយបើរូបគេអាចលេងនៅក្រៅស្រុកមែននោះ កែវ សុខសិលា ជាអ្នកចាំទីទី ១ ហើយរបស់កម្ពុជាដែលអាចលេងនៅក្រៅប្រទេសបាន។

និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមខេត្តព្រៃវែង គឺកីឡាករ វឿន វ៉ា អាចនឹងចូលរួមជាមួយក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជាគឺ អាយអេសអាយ ដង្កោសែនជ័យ ដើម្បីជួយពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀតផងដែរ។

ខាងលើនេះគឺជាដំណឹងនៃការផ្លាស់ប្តូរក្លិបរបស់កីឡាករក្នុងស្រុកយើងមួយចំនួន វាអាចនឹងមានការផ្លាស់ប្តូរ ឬអាចជាការពិតនៅពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែយ៉ាងណានោះយើងក៏រង់ចាំមើលអំពីការបង្ហោះជាផ្លូវការរបស់ក្លិបនីមួយៗផងដែរ៕

Share.

Comments are closed.

Exit mobile version