ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុម័តប្រភេទកីឡារួចរាល់ហើយ ដោយសម្រេចយកកីឡា ១៣ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ។

បើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) ក្រោយបញ្ចប់កិច្ចប្រជុំ ២ថ្ងៃ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឯកឧត្តមមានប្រសាសន៍ថា កាលពីកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកីឡាជនពិការអាស៊ាន នៅឥណ្ឌូនេស៊ី បានអនុម័តកីឡាចំនួន ១២ប្រភេទ តែមានកីឡា ១ប្រភេទត្រូវដាក់បន្ថែម ហើយពេលនេះ បានឯកភាពលើកីឡា១ប្រភេទទៀត ដែលនាំឲ្យមានការសម្រេចចុងក្រោយ គឺកំណត់យកកីឡា ១៣ប្រភេទ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បូកទាំងកីឡាសម្ដែង ១ (Demonstration) ដែលកំណត់យកកីឡាអេឡិចត្រូនិក (E-Sports) តែមិនរាប់បញ្ចូលមេដាយនោះទេ។

កីឡា ១៣ប្រភេទ ដែលត្រូវបានអនុម័តរួចរាល់ រួមមានកីឡាអត្តពលកម្មជនពិការ, កីឡាហែលទឹកជនពិការ, កីឡាវាយសីជនពិការ, កីឡាបាល់ទាត់ ៥ម្ខាង, កីឡាបាល់ទាត់ ៧ម្ខាង, កីឡាលើកទម្ងន់ជនពិការ, កីឡាបូស្យាជនពិការ, កីឡាវាយកូនឃ្លីលើតុជនពិការ, កីឡាយូដូជនពិការ, កីឡាបាល់បោះជិះរទេះជនពិការ, កីឡាបាល់បោះជនពិការភ្នែក, កីឡាបាល់ទះអង្គុយ និងកីឡាអុក។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងធ្វើពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

ប្រភព 📰 cambodia2023.com

Share.

Comments are closed.

Exit mobile version