ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលនិងប៉េតង់ពានរង្វាន់គរុគុណលើកទី២ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំនៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” ដែលបានដំណើរការអស់រយៈពេល៣ថ្ងៃនោះ បានបញ្ចប់ដោយជោគជ័យកាលពីល្ងាចអាទិត្យកន្លងទៅថ្មីៗនេះដោយអ្នកឈ្នះជើងឯកលើវិញ្ញសា ៣នាក់ទល់នឹង៣នាក់ បុរសនិងនារី អាយុ១៨ឆ្នាំឡើងឆ្នាំនេះសហព័ន្ធបានផ្ដល់រង្វាន់ជាម៉ូតូម៉ាក Honda Dream 2022 ដោយសរុបមាន៦គ្រឿង។

បើតាមគណៈកម្មការប្រកួតបានឱ្យដឹងថា ក្រុមកីឡាករដែលលេងលើវិញ្ញាសាបុរស៣ទល់និង៣ អាយុ១៨ឆ្នាំឡើងដែលទទួលបានរង្វាន់ម៉ូតូម្នាក់១គ្រឿងនោះ គឺមកពីក្លិបយោធភូមិភាគពិសេស ដែលមានកីឡាករ ថោង ឈឿន , កីឡាករសៅ សុភារ៉ាន និង កីឡាករហេង ស៊ូមៀន ។ ខណៈដែលជើងឯករកបានទៅលើកក្លិបក្រសួងមហាផ្ទៃ និងលេខ៣បានទៅនាយកដ្ឋានភស្ភុភាហិរញ្ញវត្ថុក្រសួងការពារជាតិ។  ប្រភពដដែលបន្តថា រីឯវិញ្ញាសារនារី ៣ទល់នឹង៣ អាយុ១៨ឆ្នាំឡើងនោះគឺបានទៅលើក្លិបកងយោធពលខេមរភូមិន្ទ ដែលមានកីឡាការិនី អ៊ុក ស្រីមុំ , ស្រ៊ាង សុរ៉ាឃីម និង កីឡាការិនី វង ចន្ថា ខណៈដែលជើងឯករងបានទៅយោធភូមិភាគពិសេស និងលេខ៣បានទៅក្លិបមជ្ឈមណ្ឌលខេមរភូមិន្ទ។

ថ្លែងក្នុងពិធីបិទការប្រកួតឯកឧត្តម ស សុខា ប្រធានកិត្តិយសនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណនេះ ត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំដំបូងកាលពី៣ឆ្នាំមុន និងបានរៀបចំការប្រកួតលើកទីមួយ នាឆ្នាំ២០២០កន្លងទៅ។ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧នេះ សហព័ន្ធបានបន្តរៀបចំនូវការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ រួមជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២-២០២២ នេះឡើង ក្នុងគោលបំណងដើម្បីសម្ដែងនូវកតញ្ញូតាធម៌ ក៏ដូចជារំលឹកនិងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ស្ថាបនិកសហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានត្រួសត្រាយផ្លូវ និងបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាងនិងលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ឱ្យមានវឌ្ឍនភាពនិងល្បីល្បាញទូទាំងសកលលោកដូចបច្ចុប្បន្ន ក្រោមម្លប់សន្តិភាពនិងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អតីតប្រធានសហព័ន្ធរូបនេះបន្ថែមថា ការប្រកួតឆ្នាំនេះមានការកើនឡើងនូវសន្ទុះការគាំទ្រនិងចូលរួមយ៉ាងច្រើនពីសំណាក់កីឡាករ កីឡាការិនី ពីបណ្ដាសម្ព័ន្ធ-ក្លិប រាជធានី ខេត្តទូទាំងប្រទេស ដែលសរុបអ្នកចូលរួមប្រកួតទាំងអស់មានចំនួនរហូតដល់ ៤៥៩នាក់ មកពី៦២សម្ព័ន្ធ-ក្លិប (ក្នុងនោះមាន ១១ ស្ថាប័ន) ដែលចំនួននេះគឺជាការចូលរួមដ៏ច្រើនបំផុត ក្នុងរយៈកាល៣០ឆ្នាំនៃដំណើរការរបស់សហព័ន្ធ។ លើសពីនេះ ចំនួនការប្រកួតក៏បានកើនឡើងទ្វេដង គឺសរុបរហូតដល់ទៅ ៤៣៨ប្រកួត លើវិញ្ញាសាប្រកួតចំនួន៨។

បន្ថែមពីលើនេះ លទ្ធផលនៃការប្រកួតក៏បានបង្ហាញថា ក្រុមមហាជនដែលបានចូលរួមប្រកួតនាឆ្នាំនេះគឺមានការដុសខាត់សមត្ថភាពបានល្អប្រសើរខ្លាំងដោយជាការភ្ញាក់ផ្អើលបានយកឈ្នះនូវក្រុមកីឡាករជម្រើស ជាតិ យើងមួយចំនួន ដែលនេះជាសារមួយរំលឹកដាស់តឿនដល់គ្រប់កីឡាករ កីឡាការិនីយើង មិនត្រូវមានការធ្វេសប្រហែសឬមើលស្រាលលើគូប្រកួតនោះឡើយ ដោយត្រូវបន្តយកចិត្តទុកដាក់ហ្វឹកហាត់ជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពនិងបច្ចេកទេសប្រកួតឱ្យកាន់តែល្អប្រសើរ៕

Share.

Comments are closed.

Exit mobile version