(ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងច្បាប់បទបញ្ជាបច្ចេកទេសការប្រកួតដែលជារឿងសំខាន់ខ្លាំងក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡានីមួយៗជាពិសេសគឺការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស  និងអាជ្ញាកណ្តាលថ្នាក់ជាតិ ០៩-១៣ ខែមករាកន្លងទៅ ខណៈដែលប្រធានសហព័ន្ធគឺ លោក សរ សិទ្ធិ បានថ្លែងក្នុងពិធីបិទថា៖  “ការយល់ច្បាស់ពីច្បាប់ប្រកួត គឺជាឥទ្ធិពលវិជ្ជមានដល់កីឡាករ-កីឡាការិនី ផ្ទុយទៅវិញ បើមន្ដ្រីបច្ចេកទេស ឬគ្រូមិនច្បាស់វិញ កីឡាករ-កីឡាការិនី ក៏ខ្វះទំនុកចិត្តក្នុងការប្រកួតដែរ។” ហេតុនេះ លោកបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់បន្ថែមទៀតក្រោយបញ្ចប់វគ្គនេះ។ លោក សរ សិទ្ធិ បានបន្ថែមថា៖ “កាលណាយើងដឹងពីច្បាប់ ពីគោលការណ៍របស់សូហ្វតិន្នីសដល់ពេលយើងទៅធ្វើជាអាជ្ញាកណ្ដាល ឬយើងធ្វើជាគ្រូឧទ្ទេសនាម ឬបច្ចេកទេសឲ្យកីឡាករយើង ហើយកីឡាករយើង គាត់ដឹងពីច្បាប់ គាត់លេងពោរពេញទៅដោយទំនុកចិត្ដ តែកាលណាកីឡាករអត់ស្គាល់ច្បាស់ គឺទៅលេងពោរពេញដោយភាពស្រពេចស្រពិល កាលណាស្រពេចស្រពិលពេលគេពិន័យយើងខុសឬអត់ក៏យើងមិនហ៊ានតវ៉ា ដោយសារយើងអត់យល់ពីច្បាប់។”

ជាមួយគ្នានេះដែរលោក យិត ភីរ: អគ្គលេខាធិការសហព័ន្ធ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើង្រៀនដោយគ្រូឧទ្ទេស ២រូប គឺអ្នកជំនាញជនជាតិជប៉ុន លោក OGIWARA Masato និងមន្ដ្រីបច្ចេកទេសកម្ពុជា លោក យី សារិន។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សារយៈពេលខ្លីនេះដោយក្នុងចំណោមសិក្ខាកាមចូលរួម ៣៦នាក់ គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ៧០% និទ្ទេសល្អបង្គួរ ២០% និងនិទ្ទេសមធ្យម ១០% ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស  និងអាជ្ញាកណ្តាល ថ្នាក់ជាតិនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោយដំណើរការរៀបចំរយៈពេល ៥ថ្ងៃប្រកបដោយភាពជោគជ័យកាលពីសប្ដាហ៍កន្លងទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ ដោយវគ្គនេះមានសិក្ខាកាមចូលរួម ៣៦រូបក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕

Share.

Comments are closed.

Exit mobile version