ភ្នំពេញ៖ កីឡាកាយវប្បកម្ម ឬអាចហៅមួយទៀតបាន កីឡាបង្អួតសាច់ដុំនោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេចដកចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះក្រោយសហព័ន្ធរកឃើញកីឡាករ ២រូបជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិលើកទី៣ កន្លងទៅថ្មីៗនេះ។

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោក តឹក ប៊ុនវី បានថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះថា៖ “ការពាក់ព័ន្ធនឹងសារធាតុហាមឃាត់ Steroids ធ្វើឲ្យប៉ះធ្ងន់ធ្ងរចំពោះសហព័ន្ធ ព្រោះសហព័ន្ធបានខំប្រឹងនិងយកចិត្តទុកដាក់ណាស់លើការហ្វឹកហាត់ ទាំងក្នុង និងក្រៅប្រទេសដើម្បីកីឡាករយើងតែទីបំផុតយើងក៏ជួបបញ្ហាដូភីង។”

លោកបានបន្ថែមថា៖ “ការជ្រើសរើសកីឡាករជម្រើសជាតិទាំងអស់ យើងបានធ្វើកិច្ចសន្យាហាមដាច់ខាតមិនឲ្យពាក់ព័ន្ធសារធាតុហាមឃាត់។ ខ្ញុំមានការសោកស្ដាយ និងឈឺចាប់មែនទែន ហេតុអ្វី យើងដឹងហើយលឺហើយថាសហព័ន្ធយើងប្រឈមមុខម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងរឿង Steroids មូលហេតុអ្វីបានយើងនាំគ្នាបំផ្លាញទឹកចិត្តនិងការខិតខំប្រឹងប្រែងនេះ។”

 លោកបានលើកឡើងថា៖ “សម្រាប់ខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធក៏មិនខុសពីកីឡាករដែរគឺមានការសោកស្ដាយយ៉ាងខ្លាំងហើយក៏ស្នើសុំឲ្យខាងគណៈកម្មាធិការជាតិ CAMSOC ជួយធ្វើម៉េចឲ្យកីឡាកាយវប្បកម្មរបស់យើងបានចូលរួមប្រកួតស៊ីហ្គេមឡើងវិញ។ យើងសោកស្ដាយដែលកីឡាករ ២នាក់ធ្វើខុស ហើយ ២នាក់នេះ ដកចេញពីការប្រកួតចុះប៉ុន្ដែអ្នកដែលអត់បានពាក់ព័ន្ធដែលយើងបានត្រៀមរហូតដល់ ២៥នាក់ទាំងគ្រូអុីចឹងអ្នកអត់ពាក់ព័ន្ធសូមឲ្យគាត់បានចូលរួមប្រកួតឡើងវិញ។”

គួរបញ្ជាក់ផងដែរថា កីឡាករ ២រូប ដែលរកឃើញសារធាតុហាមឃាត់ ក្រោយកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា រួមមានកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បន្ទាប់ពីពួកគេបានចូលសារភាពចំពោះមុខសហព័ន្ធចំពោះកំហុសឆ្គងដែលពួកគេបានប្រព្រឹត្តដោយអចេតនាដោយសារការជឿទុកអ្នកស្គាល់គ្នាដោយខ្វះការពិចារណា៕

Share.

Comments are closed.

Exit mobile version