ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរបានសម្រេចជ្រើសរើសម្ចាស់មេដាយប្រាក់ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២០ គឺកីឡាករ លន បញ្ញា ធ្វើជាបេក្ខភាពតំណាងជាតិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ Wu Ling Feng 533 នៅប្រទេសចិនដែលនឹងចាប់ផ្ដើមនាថ្ងៃទី៣ ខែកុម្ភៈ ទៅតាមការសំណូមពរពីភាគីចិនផ្ទាល់។ នេះបើតាមប្រសាសន៍របស់លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

លោកបានថ្លែង ការចេញទៅប្រកួតលើសង្វៀនធំរបស់ចិននៅអំឡុងដើមខែកុម្ភៈរបស់ លន បញ្ញា នេះដោយមានការត្រួតពិនិត្យវីដេអូប្រកួតកន្លងមកព្រមទាំងលទ្ធផលឈ្នះពីមុនក៏ដូចជាទម្រង់វាយពីអ្នករៀបចំកម្មវិធីរបស់គេតែម្ដង។ ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា មុនដំបូងសហព័ន្ធបានដាក់ឈ្មោះកីឡាករ ៤នាក់ទៅជូនភាគីខាងចិន ប៉ុន្តែអ្នករៀបចំពេញចិត្តទម្រង់វាយនិងលទ្ធផលឈ្នះរបស់ លន បញ្ញា កាលនៅសៀមរាបកន្លងមកផង។ យ៉ាងណាក្ដីសហព័ន្ធមានសុទិដ្ឋិនិយមខ្ពស់សម្រាប់បេសកកម្មនេះថានឹងផ្ដល់នូវផលវិជ្ជមានសម្រាប់វិស័យកីឡាប្រដាល់កម្ពុជាទាំងគុនខ្មែរ និងឃីកបុកស៊ីងពិសេសកីឡាករជម្រើសជាតិដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខ។លោក ហេង សុខឃន បានបន្ថែមថា នេះគឺជាការបើកទំព័រថ្មីមួយទៀតដែលកម្ពុជាបានបញ្ជូនកីឡាករចូលរួមការប្រកួតនៅចិនហើយឆាប់ៗខាងមុខសហព័ន្ធក៏ត្រៀមនឹងបញ្ជូនកីឡាករទៅប្រកួតនៅប្រទេសក្រិចផងដែរ។ លើសពីនេះសហព័ន្ធកំពុងធ្វើការទំនាក់ទំនងជាមួយបណ្ដាប្រទេសជាច្រើនទៀតដើម្បីបញ្ជូនកីឡាករទៅចូលរួ ជាក់ស្ដែងនៅខែមិថុនាខាងមុខសហព័ន្ធត្រៀមនឹងបញ្ជូនកីឡាករ ៤រូបទៅប្រកួតនៅសហរដ្ឋអាមេរិកនិងបញ្ជូនកីឡាករ ៤រូបទៅប្រកួតនៅប្រទេសបារាំងទៀតផង។
លោក Guo Yang ប្រធានក្លិបប្រដាល់ LoongHai បានបង្ហាញសេចក្ដីរីករាយជាខ្លាំង ដែលបានសហការជាមួយសហព័ន្ធក្នុងការនាំយកកីឡាករកម្ពុជាចូលរួមប្រកួតនៅចិនក្នុងគោលបំណងជួយផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាលើឆាកអន្ដរជាតិក៏ដូចជាជំរុញទីផ្សារប្រកួតអន្ដរជាតិនានាដល់កីឡាករកម្ពុជា។ ក្រៅពី លន បញ្ញា លោកក៏គ្រោងនាំយកកីឡាករផ្សេងៗទៅធ្វើការប្រកួតជាបន្ដបន្ទាប់ផងដែរ ដូចជាកីឡាករ បWត សង្ឃឹម និង ឈឿន ល្វៃ ជាដើម។
សូមបញ្ជាក់ថា ក្រៅពីនាំយកកីឡាករទៅប្រកួតនៅប្រទេសចិន ភាគីក្លិបចិន និងសហព័ន្ធកំពុងធ្វើការសិក្សានូវគម្រោងដ៏ធំមួយដោយគ្រោងស្នើសុំថ្នាក់ដឹកនាំដើម្បីសាងសង់សង្វៀនស្ដង់ដារកម្រិតខ្ពស់នៅក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទរួមជាមួយសារមន្ទីរកីឡា សម្រាប់បម្រើដល់ការប្រកួតផ្សេងៗក្នុងន័យបំផុសការផ្សព្វផ្សាយ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគតទៀតផង។នេះបើតាមការបង្ហើបរបស់ភាគីទាំងពីរខាងលើ៕

Share.

Comments are closed.

Exit mobile version