ភ្នំពេញ៖ ស្របពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនោះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចាប់ផ្ដើមយុទ្ធនាការក្នុងការផ្សព្វផ្សាយជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាបណ្ដើរៗហើយ ខណៈដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះថា៖ “យុវជនស្ម័គ្រចិត្តមិនត្រឹមតែអ្នកសម្របសម្រួលធ្វើឲ្យការអនុវត្តនិងការប្រព្រឹត្តទៅនៃកម្មវិធីជោគជ័យទេប៉ុន្ដែកត្ដាធំជាងហ្នឹងទៀតសំខាន់គឺគាត់ជាយុវជនសុច្ឆន្ទៈរបស់កម្ពុជា។”

សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦,៩៦៣នាក់ដែលត្រូវបានបែងចែកជា៣កម្រិតគឺទី១ អ្នកស្ម័គ្រចិត្តជាថ្នាក់ដឹកនាំ ទី២ អ្នកស្ម័គ្រចិត្តជាជនបង្គោល និងទី៣ អ្នកស្ម័គ្រចិត្តទូទៅព្រមទាំង៥០កន្លែងសម្រាប់ជនជាតិបរទេសលើសពីនេះក៏ត្រូវការអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបចំនួន ១០០នាក់ ខេត្តព្រះសីហនុ ១០០នាក់ ខេត្តកែប ៥០នាក់ និងខេត្តកំពត ៥០នាក់។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងពិធីសន្និសីទកាសែតកាលពីម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាថា៖ “ការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាសំខាន់គឺធ្វើយ៉ាងណាឲ្យភ្ញៀវកិត្តិយសទាំងអស់អាចមកដល់កម្ពុជាស្គាល់ពីកម្ពុជាបច្ចុប្បន្ន និងវិលត្រឡប់ទៅវិញ នឹកនូវអនុស្សាវរីយ៍នៃការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងចង់ក្លាយជាម្ចាស់ផ្ទះមួយដោយមោទនភាព និងបញ្ចេញអស់ពីសមត្ថភាពក្នុងការផ្ដល់បដិសណ្ឋារកិច្ចល្អធ្វើយ៉ាងណាឲ្យមិត្តភ័ក្តិបរទេសអាចចងចាំហើយស្គាល់ថាអ្វីទៅគឺជា “កម្ពុជាបច្ចុប្បន្ន” មុននឹងគេត្រឡប់ទៅវិញហើយពេលគេត្រឡប់ទៅវិញគេនៅតែនឹកឃើញយើងជានិច្ច។”
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ៖ “យុវជនស្ម័គ្រចិត្តមិនត្រឹមតែអ្នកសម្របសម្រួលធ្វើឲ្យការអនុវត្តនិងការប្រព្រឹត្តទៅនៃកម្មវិធីជោគជ័យទេ ប៉ុន្ដែកត្ដាធំជាងហ្នឹងទៀតសំខាន់គឺគាត់ជាយុវជនសុច្ឆន្ទៈរបស់កម្ពុជា អាកប្បកិរិយារបស់គាត់ ការបំពេញភារកិច្ចរបស់គាត់ និងអ្វីដែលជាភាពរួសរាយ ឥរិយាបថរបស់គាត់ គឺឆ្លុះបញ្ចាំងអ្វីទៅជាកម្ពុជាដែលជាប្រទេស និងមានប្រជាជនក្នុងការផ្ដល់នូវភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អជូនដល់បរទេសដែលជាមិត្តភក្តិមកចូលរួមនៅកម្ពុជា។”
“ការអនុវត្តការងារដែលមានភាពហ្មត់ចត់ប៉ុន្ដែប្រាស្រ័យទំនាក់ទំនងទន់ភ្លន់នូវឥរិយាបថក៏អាចបញ្ជាក់ច្បាស់ថាសមត្ថភាពរបស់កម្ពុជា គឺយ៉ាងណា? តាមរយៈពួកគាត់ទាំងអស់នេះហើយក៏នឹងបង្ហាញនូវសក្ដានុពលរបស់កម្ពុជាទៅថ្ងៃអនាគតផងដែរព្រោះធនធានទាំងអស់ដូចសម្ដេចតេជោនាយករដ្ឋមន្ដ្រីលើកឡើងក្នុងពិធីចែកសញ្ញាបត្រថ្ងៃមុនគ្មានធនធានអ្វីដែលធំជាងធនធានមនុស្សនោះទេ។ ធនធានមនុស្សមិនត្រឹមតែមានសមត្ថភាពទេ តែឥរិយាបថ អាកប្បកិរិយា គឺឆ្លុះបញ្ចាំងពីសក្ដានុពលរួមរបស់កម្ពុជាសម្រាប់អនាគតរបស់ប្រទេសជាតិយើងផងដែរ។” ឯកឧត្តម ហ៊ុន ម៉ានី បន្ថែម៕

Share.

Comments are closed.

Exit mobile version