(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម CAMSOC និងសភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តប្រមាណ៧ពាន់នាក់ចូលរួមបម្រើការងារកំឡុងពេលស៊ីហ្គេមដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ ក្រុមហ៊ុនលក់សំភារៈកីឡា Decathlon បានប្រកាសថាខ្លួននឹងចំណាយជាកាតាបដែលមានតំលៃសរុប៨ម៉ឺនដុល្លារជូនដល់អ្នកស្ម័គ្រចិត្ត ខណៈដែលព្រឹត្តិការណ៍នេះសល់តែ ៩១ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។

លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia ថ្លែងក្នុងបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើបអ៊ីអន-មានជ័យដូចនេះថា៖ “យើងមានមហិច្ឆតាក្នុងការជួយប្រជាជនកម្ពុជាគ្រប់ៗគ្នាឲ្យរស់នៅប្រកបដោយសុខភាពល្អតាមរយៈការចូលរួមលេងកីឡាដែលពួកគេចូលចិត្ត។ យើងជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ2023 នឹងក្លាយជាការបំផុសគំនិតប្រជាជនកម្ពុជាក្នុងការសាកល្បងលេងកីឡាថ្មីដែលយើងមិនធ្លាប់បានស្គាល់ពីមុន។ ពួកយើង ប្តេជ្ញាចិត្តក្នុងចូលរួមជួយដល់ព្រឹត្តិការណ៍កីឡាសមាគមកីឡាសហព័ន្ធកីឡាអង្គការក្រៅរដ្ឋាភិបាលនានាហើយពួកយើងនឹងក៏នៅតែបន្តសកម្មភាពទាំងនាពេលអនាគតខាងមុខបន្តទៀត។”
លោកក៏រីករាយក្នុងការចូលរួមគាំទ្រហើយលោកនឹងឧបត្ថម្ភសំភារៈជាកាតាបដល់អ្នកស្ម័គ្រចិត្តប្រមាណ ៧ពាន់នាក់ក្នុងតម្លៃជាង ៨ម៉ឺនដុល្លារ ដែលគណៈកម្មាធិការជាតិ CAMSOC បានប្រកាសជ្រើសរើសដើម្បីចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ ជាមួយគ្នានេះដែរ លោក Arjun Deswal តំណាង Decathlon AEON III  បានចាត់ទុកឆ្នាំ2023 គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ លោកបានសម្ដែងសេចក្ដីរីករាយជាមួយតួនាទីក្នុងការធ្វើឲ្យផលិតផលកីឡារបស់ខ្លួនអាចចូលរួមប្រើប្រាស់សម្រាប់ប្រទេសពលរដ្ឋកម្ពុជានៅក្នុងការប្រកួតកីឡាប្រចាំតំបន់ដ៏ធំលើកដំបូងនៅកម្ពុជានេះ។ គួរបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរការបើកសាខាថ្មីក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon នឹងផ្តល់ជូនគូប៉ុង  ៥ដុល្លារដល់ ១០០០ដុល្លារដល់អតិថិជន ៥០០នាក់ដំបូង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ ព្រឹកនៅ Decathlon មានជ័យ (Decathlon AEON III  )៕

Share.

Comments are closed.

Exit mobile version