ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រសួងមហាផ្ទៃចំនួន១០នាក់ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រគល់វិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលកម្រិតមធ្យមដោយប្រើពេលចំនួន៣ខែ រួចមក ខណៈដែលក្នុងពិធីប្រគល់វិញ្ញាបនបត្រនោះក៏មានការសម្ដែងស្នៀតផ្សេងៗពីសិស្សគុនផងដែរ។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូឧទ្ទេស លោក គង់ ចាន់ទីណា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលកម្រិតមធ្យមនេះបានសិក្សារយៈពេល៣ខែចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ និងមានសិក្ខាកាមចូលរួមចំនួន១០នាក់ (ស្រី១នាក់) មកពីសាលាបណ្ឌិតសភានគរបាលកម្ពុជាហើយទើបតែធ្វើពិធីប្រគល់វិញ្ញាបនបត្រនាពេលនេះ។

សម្រាប់ពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលទាំងនេះ ត្រូវបានធ្វើឡើងនៅទីលានហ្វឹកហាត់លើដំបូលអគារសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិដោយមានការចូលរួមផ្ទាល់ពីលោក សៅ សេងហាក់ ជាប្រធានសហព័ន្ធ ព្រមទាំងថ្នាក់ដឹក គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនីជាច្រើននាក់ទៀត ហើយក្នុងពិធីនោះ សិស្សគុនទាំងចាស់ និងយុវជនបានសម្ដែងស្នៀតពិសេសដូចជាមេគុន ស្នៀតកាច់ ស្នៀតការពារខ្លួន ១ទល់៣ និងបំបែកឥដ្ឋតាន់ជាដើម។

ជាមួយគ្នានេះដែរអនុប្រធានសហព័ន្ធ លោក គួច ហុងជៀក ក៏បានថ្លែងអំណរគុណសិក្ខាកាមដែលជាមន្ត្រីថ្នាក់ដឹកនាំនគរបាលចំណាយពេលមកហ្វឹកហាត់កីឡាហាប់គីដូដើម្បីសុខភាព និងពង្រឹងកាយសម្បទានៅវគ្គនេះ។ លោកជឿជាក់ថាសិក្ខាកាមនឹងចូលរួមជួយផ្សព្វផ្សាយ ឬបង្ហាត់បង្រៀនពង្រីកវិសាលភាពក្បាច់គុននេះដល់អ្នកដទៃផ្សេងទៀតដើម្បីជាប្រយោជន៍ដល់សុខភាពក៏ដូចជាសម្រាប់ការពារខ្លួនផងដែរ៕

Share.

Comments are closed.

Exit mobile version