ភ្នំពេញ៖ ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ទើបតែបានប្រកាសជូនដំណឹងពីការជ្រើសរើសកីឡាករ កីឡាការិនី និងសាធារណៈជនដែលមាននិស្ស័យស្រលាញ់គាំទ្រនិងចេះលេងអុកចត្រង្គដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនាខែមេសាខាងមុខនេះ។ 
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយឈប់ទទួលពាក្យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាច។ ដោយបេក្ខជនអាចដាក់ពាក្យនៅតាមទីស្នាក់ការ សសយក រាជធានី-ខេត្ត គណៈកម្មាធិការអូឡាំពិកកម្ពុជា សហពន្ធ័កីឡាអុកចត្រង្គកម្ពុជា និងតាមទីតាំងមួយចំនួនទៀតដូចជានៅខេត្តព្រះសីហនុ កំពត កែប កោះកុង ខណៈដែលការប្រកួតជម្រុះនឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំណែកនៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល និងតាកែវ នឹងប្រកួតនៅថ្ងៃទៅ២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំពោះខេត្តក្រចេះ រតនគីរី មណ្ឌលគីរី និងស្ទឹងត្រែង នឹងប្រកួតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។
សម្រាប់ទីតាំងទី៤ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀងនឹងប្រកួតនៅថ្ងៃទី៣ ខែមីនា។ ដោយឡែកនៅទីតាំងទី៥​រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ នឹងប្រកួតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ រីឯទីតាំងទី៦ ដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងប៉ៃលិន នឹងប្រកួតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ទីតាំងចុងក្រោយនារាជធានីភ្នំពេញនឹងប្រកួតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
សម្រាប់ការប្រកួតជ្រើសរើសជើងខ្លាំង ៨នាក់ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទៅ២០ ខែមីនា ឆ្នាំ២០២៣ ហើយពួកគេនឹងត្រូវចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនៅទឹកដីខេត្តសៀមរាបក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតែម្តង។ គួររំលឹកថា គិតតាំងចាប់ពីការប្រកួតលើកដំបូងនាឆ្នាំ២០១៤មក តំណែងស្តេចអុកអង្គរសង្ក្រាន្តត្រូវបានគ្រប់គ្រងដោយកីឡាករ ឈាវ បូរ៉ា ២លើក (២០១៤ និង២០១៥) កីឡាករ ហូយ សូណា នៅឆ្នាំ២០១៦ ចំណែកកីឡាករ ហេង សៅឌី ឈ្នះក្នុងឆ្នាំ២០១៧ និងចុងក្រោយនាឆ្នាំ២០១៨ បានលើកីឡាករ សុខ លឹមហេង៕

Share.

Comments are closed.

Exit mobile version