ឡាវ៖ លោក សាយសាម៉ន ឆៃសន ប្រធានសហព័ន្ធកីឡាប្រដាល់ឡាវ ឬមួយឡាវកំពុងតែធ្វើឲ្យសាធារណជនថៃមានការមិនពេញចិត្តបន្ទាប់ពីមានការចុះផ្សាយព្រោងព្រាតនៅក្នុងប្រទេសថៃបន្ទាប់ពីរូបលោកបានធ្វើការរិះគន់ធ្ងន់ៗថា សមាគមកីឡាមួយថៃអន្តរជាតិ (IFMA) គ្មានសិទ្ធិដាក់បម្រាមលើកីឡាករណាដែលចូលរួមការប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ខាងមុខនេះឡើយ មិនតែប៉ុណ្ណោះលោកថែមទាំងគាំទ្រពេញទំហឹងចំពោះកម្ពុជានិងបានលើកឡើងថា កីឡាមួយថៃ ទៅវិញទេដែលជាសិល្បៈតស៊ូក្លែងក្លាយ ឬជារបស់កូពីតែប្រជាជនថៃបែរជានាំគ្នាបង្កើតរឿងឲ្យមនុស្សទូទាំងពិភពលោកយល់ខុសទាំងដែលការពិតកីឡានេះមានកំណើតមកពីគុនល្បុក្កតោដែលជាសិល្បៈតស៊ូបូរាណរបស់ខ្មែរ។

ក្នុងវីដេអូឃ្លីបដែលបានចុះផ្សាយនាថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ លោក សាយសាម៉ន ឆៃសន បានថ្លែងថា សម្រាប់សមាគមកីឡាមួយថៃអន្តរជាតិគឺគ្មានសិទ្ធិក្នុងការដាក់បម្រាមកីឡាករដែលប្រកួតគុនខ្មែរឡើយហើយប្រទេសនានាដែលមកចូលរួមប្រកួតគឺឈរលើស្មារតីសាមគ្គីទាំង ១១ប្រទេសមិនដូចប្រទេសថៃដែលគិតតែពីផលចំណេញ គិតតែពីជំនួញ និងការវិនិយោគ ហេតុនេះ ថៃគឺជាដើមហេតុនៃបញ្ហាក្នុងរឿងនេះ។ លោកបានបន្ថែមថា ភាគីថៃមានការមិនពេញចិត្តបន្ទាប់ពីអង្គការយូណេស្កូប្រកាសបញ្ចូលគុនល្បុក្កតោរបស់ខ្មែរជាសម្បត្តិបេកតិកភណ្ឌពិភពលោកខណៈដែលសំណើរបស់ពួកគេត្រូវបានអង្គការនេះបដិសេធហើយក៏ព្យាយាមបង្ហាញថាពួកគេជាម្ចាស់ពិតប្រាកដដោយបានទាំងអះអាងដោយគ្មានការទទួលខុសត្រូវថា កីឡាមួយថៃនឹងក្លាយជាវិញ្ញសាក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៨  ខណៈដែលក្នុងបញ្ជីកីឡាប្រកួតប្រជែងគឺមានតែកីឡាឃីកប៊ុកសុី Kick Boxing តែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ការដែលភាគីថៃអះអាងថា គុនខ្មែរបានចម្លងក្បួនខ្នាតប្រកួតពីមួយថៃក៏មិនអាចទៅរួច ព្រោះកីឡានេះមានការទាត់ ធាក់ និងវាយកែងដូចគ្នា សូម្បីតែមួយឡាវឬប្រដាល់ឡាវក៏មាន ហេតុនេះ វាជាការរៀបចំតាមរបៀបរៀងៗខ្លួន។ ជារួមសម្រាប់ប្រទេសឡាវគឺបានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនកីឡាករទៅប្រកួតគុនខ្មែរជាមួយនឹងប្រទេស ៥ផ្សេងទៀតដូចជា ម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងឥណ្ឌូនេសុី ចំណែកម៉ាឡេសុីទំនងជានឹងក្លាយជាប្រទេសចូលរួមទី៧ ផងដែរ។
ជាចុងក្រោយលោក សាយសាម៉ន ឆៃសន  បានប្រកាសថា ប្រសិនបើភាគីថៃដាក់បម្រាមលើកីឡាករឡាវដែលចូលរួមប្រកួតគុនខ្មែរ នោះខាងឡាវក៏នឹងដាក់បម្រាមលើកីឡាករមួយថៃដូចគ្នា៕

Share.

Comments are closed.

Exit mobile version