វៀតណាម៖ លោក Philippe Troussier ទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិវៀតណាមឈុតធំ និងក្រុម U23 ដែលនឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នៅកម្ពុជានាខែឧសភាខាងមុខនេះជាមួយនឹងកិច្ចសន្យាការងារចំនួន ៤ឆ្នាំពីឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលភារកិច្ចអាទិភាពរបស់លោកគឺដឹកនាំក្រុមធំសម្រាប់ការប្រកួតអំឡុងពេល FIFA DAY និងក្រុម U23 ក្នុងការប្រកួតសុីហ្គេមតែម្តង។
ជាមួយនឹងប្រវត្តិធ្លាប់ដឹកនាំក្រុម​ U19 ជម្រើសជាតិវៀតណាមកន្លងមក លោក Philippe Troussier ត្រូវបានគេរំពឹងថា នឹងនាំមកនូវសមិទ្ធិផលថ្មីបន្ថែមទៀត ខណៈដែលក្រុមនាគមាសវៀតណាមត្រូវប្រកួតប្រជែង the Asian Cup នាប្រទេសកាតានៅដើមឆ្នាំក្រោយផងដែរនោះ។ ក្នុងវ័យ ៦៧ឆ្នាំ លោក Philippe មានដំណើរដ៏វែងឆ្ងាយលើទឹកដីអាសុី ដោយធ្លាប់ដឹកនាំក្រុមជម្រើសជាតិជប៉ុនឈ្នះជើងឯក the Asian Cup ក្នុងឆ្នាំ២០០០ ហើយនាំឲ្យរូបលោកបានឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំទ្វីបអាសុីនាឆ្នាំដដែលនោះថែមទៀត។ កាលពីឆ្នាំ២០២០ លោកត្រូវបានសហព័ន្ធបាល់ទាត់អាសុី ផ្តល់នាមជា គ្រូបង្វឹកដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ Asian Cup ។

២ឆ្នាំក្រោយមក បុរសជនជាតិបារាំងរូបនេះនាំក្រុមម្ចាស់ផ្ទះសាម៉ូរ៉ៃជប៉ុនឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup តែបន្ទាប់មកបានប្តូរទៅដឹកនាំក្រុមជម្រើសជាតិកាតា ព្រមទាំងធ្លាប់ដឹកនាំក្លិប Shenzhen Ruby និង Hangzhou Greentown នៃលីគកំពូលចិន។  ជាមួយគ្នានេះដែរ រូបលោកក៏ធ្លាប់មានប្រវត្តិជោគជ័យនៅទ្វីបអាហ្វ្រិកដោយធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិកូឌីវ័, នីហ្សេរីយ៉ា, ប៊ួគីណាហ្វាស្សូ មុននឹងបាននាំក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូងទៅកាន់ព្រឹត្តិការណ៍ FIFA World Cup នាឆ្នាំ១៩៩៨៕ 

Share.

Comments are closed.

Exit mobile version