ភ្នំពេញ៖ ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ បណ្ដាក្រុមហ៊ុនឯកជនជាច្រើនបានបន្តចូលរួមចុះកុងត្រាឧបត្ថម្ភដល់គណៈកម្មការរៀបចំស៊ីហ្គេម (CAMSOC) ដែលក្នុងនោះក៏មានក្រុមហ៊ុន Vattanac Brewery និង ទឹកបរិសុទ្ធ Kulen ផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងថា ក្រុមហ៊ុនទឹកបរិសុទ្ធគូលែនបានផ្តល់ការផ្គត់ផ្គង់ដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមទាំងមូលដោយក្នុងទ្រង់ទ្រាយធំលើសពីភាពគ្រប់គ្រាន់ទៅទៀតខណៈដែលតម្រូវការជាក់ស្តែងអាចដល់ជាង៥ម៉ឺនកេស។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «យើងមានភាពត្រេកអរណាស់ហើយយើងនឹងប្រើប្រាស់ទឹកនេះឱ្យចំគោលដៅ។ អ្វីដែលយើងកោតសរសើរនោះ គឺថាបើទោះបីជាក្រុមហ៊ុនអូគូលែនមានកម្រិតអាជីវកម្មមិនធំពេកក្តី ប៉ុន្តែតំណាងក្រុមហ៊ុនមានឆន្ទៈនិងមោទនភាពចំពោះការចូលរួមជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង»។
ចំណែកក្រុមហ៊ុន Vattanac Brewery ក៏បានចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ទាំងមូលផងដែរលើការផ្គត់ផ្គង់ភេសជ្ជៈកីឡា និងជួយឧបត្ថម្ភគាំទ្រផ្នែកផ្សេងៗមួយចំនួនទៀតសម្រាប់ម្ចាស់ជ័យលាភីមេដាយរបស់អត្តពលិកកម្ពុជាដូចជាការកម្សាន្ត ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ Rosewood និងជួយគាំទ្រលើផ្នែកមួយចំនួនទៀត។ បន្ថែមពីលើនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏កំពុងកៀរគរស្វែងរកថវិកាពីសប្បុរសជននានាពីព្រឹត្តិការណ៍ប្រគំតន្ត្រីក្នុងការផ្តល់ជូនដល់មូលនិធិក្រុមកីឡាកម្ពុជា (Team Cambodia) ផងដែរ។
ឯកឧត្តមបន្តថា នេះជាការឧបត្ថម្ភពីក្រុមហ៊ុនជាដៃគូជាបន្តបន្ទាប់ដែលជាតម្រូវការចំបាច់បំផុតសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ឲ្យឆ្ពោះទៅរកភាពជោគជ័យជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា។ នេះមានន័យថា ការស្វែងរកដៃគូវិស័យឯកជនឲ្យបានកាន់តែច្រើនដើម្បីកាត់បន្ថយការចំណាយថវិកាដោយចំណាយថវិកាតិចប៉ុន្តែធ្វើឲ្យព្រឹត្តិការណ៍កីឡាទាំងមូលមានភាពអស្ចារ្យ។ ទាំងអស់នេះគឺក្រោមការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC ៕

Share.

Comments are closed.

Exit mobile version