ភ្នំពេញ៖ បន្ទាប់ពីរកឃើញសារធាតុញៀនដូពីងនៅក្នុងទឹកនោមរបស់កីឡាករកាយវប្បកម្ម២រូបនាអំឡុងពេលប្រកួតកីឡាជាតិលើកទី៣ក្នុងពេលកន្លងមកនោះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយវប្បកម្មក៏បានសម្រេចធ្វើតាមច្បាប់របស់សហព័ន្ធអន្តរជាតិដោយបានដកមេដាយដែលពួកគេបានប្រកួតឈ្នះត្រលប់មកទុកនៅសហព័ន្ធវិញ និងបានធ្វើការបញ្ឈប់ពួកគេទាំង២មិនឲ្យចូលរួមប្រកួតទាំងជាតិ និងអន្តរជាតិរយៈពេល២ឆ្នាំ។ 

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម លោក តឹក ប៊ុនវី បានឲ្យដឹងថា នៅក្នុងបទបញ្ជានៃការប្រកួតបើសិនមានកីឡាករការិនីរូបណាដែលធ្វើខុសនូវបទបញ្ជាដោយប្រើប្រាស់សារធាតុហាមឃាត់ សហព័ន្ធមានសិទ្ធិក្នុងការដកមេដាយមកវិញ និងមិនអនុវញ្ញាតឲ្យចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិឡើយរយៈពេល២ឆ្នាំហើយនៅក្នុងករណីដែលការព្យួរអស់សុពលភាពនោះសហព័ន្ធនឹងអនុញ្ញាតឱ្យពួកគាត់ចូលរួមប្រកួតឡើងវិញ ប៉ុន្តែពួកគាត់ត្រូវធ្វើតេស្តដើម្បីពិនិត្យមើលថា ពួកគាត់ពិតជាអស់សារធាតុញៀននៅក្នុងខ្លួនពិតប្រាកដមែន។
លោកបន្ថែមថា មកទល់នឹងពេលនេះទាំងកីឡាករការិនី និងសហព័ន្ធសុទ្ធតែមានការសោកស្ដាយជាខ្លាំងដែលមិនបានចូលរួមប្រកួតដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងក្រសួងអប់រំយុវជន និង កីឡាបានដកឈ្មោះចេញពីការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣នេះដោយសារតែសហព័ន្ធមានជាប់ពាក់ព័ន្ធនឹងសារធាតុហាមឃាត់។
ជាមួយគ្នានេះដែរកីឡាករ ២រូប ដែលរកឃើញសារធាតុហាមឃាត់ ក្រោយកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា រួមមានកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បន្ទាប់ពីពួកគេបានចូលសារភាពចំពោះមុខសហព័ន្ធនិងយល់ព្រមដកមេដាយរួមទាំងព្យួរការប្រកួតរយៈពេល២ឆ្នាំចំពោះកំហុសឆ្គងដែលពួកគេបានប្រព្រឹត្តដោយអចេតនា៕

Share.

Comments are closed.

Exit mobile version