ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ដើម្បីប្រមូលផ្តុំហ្វឹកហាត់លើកទី១ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំ ត្រៀមលេងសុីហ្គេម។ កោះសាមុយ គឺជាកោះធំលំដាប់ទីពីររបស់ប្រទេសថៃ ចម្ងាយប្រមាណជាង ៦៥០គ.ម ពីទីក្រុងបាងកក ស្ថិតក្នុង ខេត្ត ស៊ូរ៉ាត់ ថានី មានផ្ទៃដី ២២៨.៧គ.មក្រឡា កម្ពស់ ពីនីវ៉ូទឹកសមុទ្រ ៦៣៥ម ហើយមានប្រជាជនរស់នៅទីនោះប្រមាណជាង ៧០០០០ នាក់។ នៅទីនោះគឺមានសាលាបាល់ទាត់ Football For All Nations អាចឲ្យក្រុមផ្សេងៗធ្វើការហ្វឹកហាត់ និងបោះជំរុំហ្វឹកហាត់នៅទីនោះផងដែរ មិនថាក្រុមនៅក្នុងតំបន់នោះទេ គឺគ្រប់ជាតិសាសន៍តែម្តង។

ហេដ្ឋារចនាសម្ព័ន្ធ ទីលាន​ និងអាកាសធាតុ គឺជាកត្តាសំខាន់ណាស់សម្រាប់ការហ្វឹកហាត់បាល់ទាត់ ពិសេសសម្រាប់ក្រុមជម្រើសជាតិកម្ពុជាតែម្តង ព្រោះវាមិនខុសឆ្ងាយគ្នាពីប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា គ្រោងនឹងធ្វើដំណើរទៅកាន់កោះសាមុយ នៅថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដែលក្នុងបញ្ជីឈ្មោះជាបឋមដំបូងនេះគឺចំនួន ៣០នាក់។ សម្រាប់ការបោះជំរុំហ្វឹកហាត់បាល់ទាត់នេះនឹងធ្វើឡើង ២លើក បន្ទាប់ពីការជម្រុះកីឡាករចេញចំនួន ១០នាក់ សង្ឃឹមថាពួកគេនឹងមានការប្រកួតប្រជែងគ្នាបានល្អ ដើម្បីបានលេងតំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសុីហ្គេមនៅកម្ពុជានេះ៕

Share.

Comments are closed.

Exit mobile version