ការប្រកួតប្រជែងលីគកាន់តែខ្ពស់ កីឡាករកាន់តែមានហាងឆេងសម្រាប់ការចូលរួមទាំងនៅក្ន​ុងលីគកម្ពុជា និងក្រៅប្រទេសផងដែរ ។ បន្ទាប់ពីចប់រដូវកាលឆ្នាំ ២០២២ កន្លងទៅនេះ យើងឃើញថាកីឡាករបរទេសមួយចំនួន ដែលធ្លាប់ប្រកបអាជីពនៅលីគកំពូល ក៏ដូចជាលីគទី ២ កម្ពុជា បានចូលរួមជាមួយក្រុមខ្លាំងៗមួយចំនួននៅប្រទេសជិតខាងហើយ ដែលខុសប្លែកជាងការពីប៉ុន្មានឆ្នាំមុន ដោយពួកគេមិនសូវមានការចាប់អារម្មណ៍បែបនេះទេ ។

កីឡាករ OJ Porteria ដែលជាអតីតកីឡាកររបស់គីរីវង់សុខសែនជ័យ រូបគេក៏ជាជម្រើសជាតិហ្វីលីពីនផងដែរនោះ ពេលនេះបានចូលរួមជាមួយក្រុម Kelantan United លីគកំពូលម៉ាឡេសុី ។

ខ្សែការពារដែលធ្លាប់ប្រកបអាជីពយ៉ាងជោគជាំជាមួយលីគកំពូលកម្ពុជាគឺកីឡាករ Jonny Campbell បានចូលរួមជាមួយក្រុមនៅលីគកំពូលវៀតណាម Ho Chi Minh City FC ។ 

ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំលីគកំពូលកម្ពុជា គឺកីឡាករ Paulo Victor បានចូលរួមជាមួយក្រុម Persebaya Surabaya លីគកំពូលឥណ្ឌូនេសុី បន្ទាប់ពីចាកចេញពីវិសាខា ។

បន្ទាប់ពីជួយភ្នំពេញក្រោនលើកពានទី ៨ ខ្សែប្រយុទ្ធ Fareed Sadat បានចូលរួមជាមួយក្រុមលីគទី ២ ថៃ Nakhon Si United ដែលជាក្រុមមួយចំណាយលុយច្រើនណាស់ក្នុងការត្រៀមខ្លួនឡើងមកលេងលីគទី ១ ថៃ ។

គួរបញ្ជាក់ផងដែរថាមិនត្រឹមតែកីឡាករប៉ុន្មាននាក់នេះទេ ក៏មានកីឡាករមួយចំនួនទៀតកំពុងបង្ហាញខ្លួនយ៉ាងល្អនៅលីគទី ២ និងទី ៣ ថៃ ហើយកីឡាករក្នុងកម្ពុជាយើងក៏មានការសម្លឹកឃើញពីក្រុមនានាផងដែរ ៕

Share.

Comments are closed.

Exit mobile version