ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្លឹបបាល់ទាត់បឹងកេត និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ត្រូវបានប្រារព្ធរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាអគារខេមរានី។
ដោយក្រុមហ៊ុនធានារ៉ាប់រង AIA បានក្លាយជាដៃគូឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ រយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៣ដល់២០២៥ ហើយព្រឹត្តិការណ៍នេះ នឹងជួយដល់ប្អូនៗវិទ្យាល័យបានបញ្ចេញនូវទេពកោសល្យ កសាងសមត្ថភាព ដើម្បីរួមចំណែកក្នុងវិស័យកីឡា ក្រោមពាក្យស្លោក ពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
លោក Andrew Loh ដែលជានាយកប្រតិបត្តិក្រុមហ៊ុន AIA នៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ ថាការសហការគ្នានេះ នឹងមានកម្មវិធីរហូតដល់ទៅ៣។ AIA High School League ដែលពីមុនឈ្មោះជើងឯកវិទ្យាល័យ នឹងចាប់ផ្ដើមពីខែមិថុនាដល់សីហាឆ្នាំ២០២៣ក្នុងកម្រិត យុវជនអាយុក្រោម ១៨ឆ្នាំ ។ ពានរង្វាន់ទី២គឺ AIA Children’s Day Tournament ដែលជាព្រឹត្តិការណ៍ធ្វើឡើង១ថ្ងៃប៉ុណ្ណោះក្នុងកម្រិត U15 និងពានរង្វាន់ទី៣នោះគឺ AIA Corperate Cup ដែលបើកឱ្យភាគីចូលរួម។
គោលដៅដែលក្រុមហ៊ុន AIA សហការក្នុងវិស័យបាល់ទាត់នេះ គឺចង់លើកស្ទួយទៅលើយុវជន ជាពិសេសទៅលើការធានារ៉ាប់រងសុខភាពរបស់ពួកគេផ្ទាល់តែម្ដង៕