​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានីភ្នំពេញ ក្លឹប​បាល់​ទាត់​បឹងកេត​ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ​ត្រូវបានប្រារព្ធរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ នាអគារខេមរានី។

ដោយក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ AIA បាន​ក្លាយ​ជា​ដៃ​គូ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជើង​ឯក​វិទ្យា​ល័យ​ រយៈ​ពេល​៣​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០២៣​ដល់​២០២៥ ហើយព្រឹត្តិការណ៍​នេះ ​នឹង​ជួយ​ដល់​ប្អូន​ៗ​វិទ្យាល័យ​បាន​បញ្ចេញ​នូវ​ទេព​កោសល្យ ​កសាង​សមត្ថភាព ​ដើម្បី​រួម​ចំណែក​ក្នុង​វិស័យ​កីឡា ​ក្រោម​ពាក្យ​ស្លោក ពលរដ្ឋ​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាង​តិច​ប្រចាំ​ជីវិត។

លោក ​Andrew Loh ​ដែល​ជានាយកប្រតិបត្តិក្រុមហ៊ុន AIA ​នៅ​កម្ពុជា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ថា​ការ​សហការ​គ្នា​នេះ ​នឹង​មាន​កម្មវិធី​រហូត​ដល់​ទៅ​៣។ AIA High School League ​ដែល​ពី​មុន​ឈ្មោះ​ជើង​ឯក​វិទ្យាល័យ ​នឹង​ចាប់​ផ្ដើម​ពី​ខែ​មិថុនា​ដល់​សីហា​ឆ្នាំ​២០២៣​ក្នុង​កម្រិត យុវជនអាយុក្រោម ១៨ឆ្នាំ ​។ ពាន​រង្វាន់​ទី​២​គឺ AIA Children’s Day Tournament ​ដែល​ជា​ព្រឹត្តិការណ៍​ធ្វើ​ឡើង​១​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​កម្រិត U15 ​និង​ពាន​រង្វាន់​ទី​៣​នោះ​គឺ AIA Corperate Cup ​ដែល​បើក​ឱ្យ​ភាគី​ចូល​រួម។

គោលដៅ​ដែល​ក្រុម​ហ៊ុន AIA ​សហការ​ក្នុង​វិស័យ​បាល់ទាត់​នេះ គឺ​ចង់​លើក​ស្ទួយ​ទៅ​លើ​យុវជន ជា​ពិសេស​ទៅ​លើ​ការ​ធានា​រ៉ាប់រង​សុខភាព​របស់​ពួកគេ​ផ្ទាល់​តែ​ម្ដង៕

Share.

Comments are closed.

Exit mobile version