ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ មានបំណង យ៉ាងហោចណាស់ដណ្តើមឱ្យបានមេដាយប្រាក់ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក E. Elavarasan គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) បាននិយាយបន្ទាប់ពីបានបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទីក្រុងហាណូយ កាលពីឆ្នាំមុន ខណៈក្រុមរបស់លោកមានបំណងធ្វើឱ្យប្រសើរឡើងជាងនេះ។

លោកត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី តែងតាំងឱ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ បន្ថែមលើតួនាទីបច្ចុប្បន្ន ដែលជាគ្រូជំនួយក្រុមធំជម្រើសជាតិ ដើម្បីដឹកនាំក្រុមប្រកួតក្នុងស៊ីហ្គេម នៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ជុំវិញការត្រៀមរបស់ក្រុមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣នេះ លោក E. Elavarasan បាននិយាយថា៖ «ឥឡូវនេះជាមួយនឹងក្រុមគ្រូបង្វឹកថ្មី យើងចង់បានសមិទ្ធិផលល្អជាងនេះ យ៉ាងហោចណាស់វគ្គផ្តាច់ព្រ័ត្រ វាមានសារៈសំខាន់ណាស់ ពីទីនោះ យើងអាចគិតពីជំហានបន្ទាប់។ យើងគួរតែមានគោលដៅជាក់លាក់មួយ ដើម្បីឱ្យកីឡាករ និងគ្រូបង្វឹកមានការតាំងចិត្ត»។

ចាប់តាំងពីឈ្នះមេដាយមាស ក្នុងឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ីមក ក្រុមម៉ាឡេស៊ី បានឡើងដល់វគ្គផ្តាច់ព្រ័ត្រតែម្តងគត់ ពោលគឺពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី២៩ ក្នុងឆ្នាំ២០១៧ តែពួកគេបានចាញ់ក្រុមជម្រើសជាតិថៃ ១-០ ខណៈការប្រកួតស៊ីហ្គេម កាលឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា និងស៊ីហ្គេម ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រុមម៉ាឡេស៊ី បានចំណាត់ថ្នាក់លេខ៤ដូចគ្នា ហើយស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី និងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ក្រុមម៉ាឡេស៊ី បានធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា។

ទន្ទឹមនឹងនេះ លោក Elavarasan សង្ឃឹមមានកិច្ចសហប្រតិបត្តិការពីក្លិបនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដើម្បីជួយលោកក្នុងការប្រមូលផ្តុំកីឡាករល្អៗបំផុត ឆ្ពោះទៅរកការសម្រេចគោលដៅ។

ដោយបានធ្វើតេស្តកីឡាករសរុបចំនួន ៤៧នាក់ លោកសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប ក្នុងការអនុញ្ញាតឱ្យកីឡាកររៀងៗខ្លួនមកចូលរួមជាមួយក្រុមU22 ខណៈដែលក្លិបមួយចំនួន ត្រូវបានគេរាយការណ៍ថា មិនចង់បញ្ជូនកីឡាករមកចូលរួមក្នុងការប្រកួត ដែលមិនចំថ្ងៃ FIFA Day នោះឡើយ។

បុរសវ័យ៦២ឆ្នាំរូបនេះ បាននិយាយបន្តថា៖ « ប្រសិនបើអាច គឺយើងចង់បានកីឡាករ ល្អបំផុត ព្រោះវាអាចបង្កើនទំនុកចិត្តក្នុងក្រុម ដើម្បីទទួលបានស្មារតីឈ្នះ។ ប៉ុន្តែកីឡាករមានកាតព្វកិច្ច កុងត្រាជាមួយក្លិប ដូច្នេះបើគេមិនបញ្ចេញទេ យើងត្រូវរៀបចំកីឡាករផ្សេងទៀត»។

ក្រុមគ្រូបង្វឹកក្រុមU22ម៉ាឡេស៊ី ដដែលនេះ ទើបតែបានបញ្ចប់ការសាកល្បងកីឡាករចំនួន ២៥នាក់ ក្នុងដំណាក់កាលទី២ នៃជំរំហ្វឹកហាត់ពីថ្ងៃទី ១៤ ដល់ទី១៩ ខែកុម្ភៈ ដែលមានកីឡាករតែ៣នាក់ប៉ុណ្ណោះពីដំណាក់កាលទី១ កាលពីខែវិច្ឆិកា មុនត្រូវបានកោះហៅលើកនេះ។

លោក Elavarasan បានបន្ថែមថា លោកក៏កំពុងតាមដានជានិច្ចនូវកីឡាករ ដែលបច្ចុប្បន្នកំពុងលេងនៅបរទេសដូចជា Luqman Hakim Shamsudin លេងឱ្យក្រុម Njardvik FC ក្នុងប្រទេសអ៊ីស្លង់ ហើយត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងវគ្គបន្ទាប់នៃការប្រមូលផ្ដុំហ្វឹកហាត់ កំឡុងពេល FIFA Day៕

ប្រភព៖ Bernama.

Share.

Comments are closed.

Exit mobile version