ភ្នំពេញ៖ ក្នុងទិសដៅស្វែងរកនិងសម្រិតសម្រាំងជ្រើសរើសរកក្រុមអត្តពលិកដែលមានសមត្ថភាពខ្លាំងសម្រាប់ត្រៀមយកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំនោះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំការប្រកួតជ្រើសរើសជើងឯកវិញ្ញាសា Mobile Legends: Bang Bang ដោយរកឃើញជើងឯក២ក្រុមមានទាំងនារី និងបុរស។
២ក្រុមដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)រកឃើញក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ នៅផ្សារទំនើប Aeon Mall 2 ម្សិលមិញនេះគឺឈ្មោះ Burn x Flash និងក្រុមកីឡាការិនី DG Angelz ដែលក្លាយជាជើងឯកប្រចាំឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនី DG Angelz ទទួលបានជ័យជម្នះទៅលើក្រុមនារី CFU Serendipity ក្នុងលទ្ធផល ៣ទល់នឹង១ ដើម្បីក្លាយជាម្ចាស់ជើងឯក។ ចំណែកក្រុមកីឡាករ Burn x Flash ក៏ប្រើពេលរហូតដល់៤ហ្គេមដែរទើបបានក្លាយជាជើងឯកគឺឈ្នះក្រុម CFU Gaming ក្នុងលទ្ធផល ៣ទល់នឹង១។
យ៉ាងណាក៏ដោយ តាមការឲ្យដឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមជើងឯកនីមួយៗនៅមិនទាន់ក្លាយជាក្រុមជម្រើសជាតិសម្រាប់ការចូលរួមប្រកួតស៊ីហ្គេមលើកទី៣២ នៅឡើយទេដោយក្រុមដែលឈានដល់វគ្គ៤ក្រុមចុងក្រោយនឹងត្រូវបានគណៈកម្មការជំនាញព្រមទាំងគ្រូបង្វឹកជ្រើសរើសកីឡាករកីឡាការិនីដែលខ្លាំងៗតាមជំនាញរៀងៗខ្លួនដើម្បីបង្កើតជាក្រុមជម្រើសជាតិពិតប្រាកដ ដូចនេះ មានន័យថាសមាជិកក្រុមដែលមិនបានឈ្នះជើងឯកក៏អាចមានឱកាសក្លាយជាកីឡាករជម្រើសជាតិកម្ពុជាដែរ។
បើយោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSCO) បានបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានសម្រេចដាក់កីឡាអេឡិចត្រូនិកចំនួន៦ប្រភេទស្មើនឹង៩វិញ្ញាសារួមមាន៖

– AK2 មាន២វិញ្ញាសា (ក្រុមបុរស និងឯកត្តជនបុរស)

– BUBG មាន២វិញ្ញាសា (ក្រុមបុរស និងឯកត្តជនបុរស)

– Mobile Legends: Bang Bang មាន២វិញ្ញាសា (ក្រុមបុរស និងក្រុមនារី),

– League of Legends: Wild Rift មាន១វិញ្ញាសា (ក្រុមបុរស),

– Valorant មាន១វិញ្ញាសា (ក្រុមបុរស)

– Cross Fire មាន១វិញ្ញាសា (ក្រុមបុរស)។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងផ្តើមចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈប្រភេទកីឡាអេឡិចត្រូនិកត្រូវធ្វើការប្រកួតនៅសណ្ឋាគារណាហ្គាវើលដ៍៕

Share.

Comments are closed.

Exit mobile version