ដំណើរការសាងសង់ភូមិកីឡា ក្នុងដំណាក់កាលទី២ ដែលមានវឌ្ឍនភាពល្អ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC)។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Sport Village ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ភូមិកីឡា បានដឹកនាំប្រតិភូ ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ភូមិកីឡា ក្នុងដំណាក់កាលទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយផ្ទាល់។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC មានប្រសាសន៍ថា បន្ទាប់ពីដំណើរការត្រួតពិនិត្យជាក់ស្ដែងខាងលើ សម្ដេចពិជ័យសេនា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាពសាងសង់ក្នុងដំណាក់កាលទី២។ ប៉ុន្ដែស្របពេលកម្ពុជា សល់ពេល ៦៦ថ្ងៃ ឆ្ពោះទៅរកពិធីបើកការប្រកួតស៊ីហ្គេមនោះ សម្ដេចបានជំរុញ និងណែនាំឱ្យកម្រិតពេលវេលាច្បាស់លាស់ ក្នុងការបញ្ចប់គម្រោង ដោយកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ និងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC ។

ឯកឧត្តមបន្ដថា៖ «ការដាក់កម្រិតនេះ បានធ្វើឱ្យយើងមានភាពកក់ក្ដៅ និងកាន់តែមានទំនុកចិត្តខ្ពស់។ មានន័យថា នៅថ្ងៃទី៣១ ខែមីនា ភូមិកីឡា នឹងត្រូវរួចរាល់ទាំងអស់ និង ២សប្ដាហ៍បន្ទាប់ ក្នុងខែមេសា យើងត្រូវចូលបំពាក់គ្រឿងដំណេកទាំងអស់ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គឺយើងត្រូវត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកដំណើរការភូមិកីឡា ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសាតទៅ ដើម្បីចូលរួមការប្រកួតស៊ីហ្គេម នៅកម្ពុជាយើង» ។

សម្រាប់ភូមិកីឡានេះដែរ នឹងត្រូវរៀបចំគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ ប៉ុន្ដែដោយផ្អែកលើការអះអាជាថ្មី ពីតំណាងក្រុមហ៊ុនសាងសង់ភូមិកីឡា បានធ្វើឱ្យថ្នាក់ដឹកនាំ CAMSOC-CAMAPGOC ពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ទាល់ មានការកោតសរសើរ និងមិនមានក្ដីបារម្ភដូចមុនឡើយ។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ «សម្ដេចពិជ័យ ទៀ បាញ់ បានកោតសរសើរ ចំពោះវឌ្ឍនភាពល្អប្រសើរ បន្ទាប់ពីដំណើរទស្សនកិច្ច លើកទី២ នេះ បានន័យថា ក្ដីបារម្ភ និងការដាក់ស្ថានភាពអាសន្នរបស់យើង ហាក់បីដូចជាបានដកចេញមកវិញហើយ នឹងមានទំនុកចិត្ដឡើងវិញច្រើន បន្ទាប់ពីអ្នកឧកញ៉ា សៀ ឬទ្ធី បានប្ដេជ្ញាចិត្តហើយប្ដេជ្ញាទៀតថា នឹងធ្វើឱ្យរួចរាល់ជូនរាជរដ្ឋាភិបាល និងជូនគណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី៣១ ខែមីនានេះ។ អ៊ីចឹងយើងនិយាយឱ្យចំថា យើងមានក្ដីសង្ឃឹមច្រើន ក្នុងពេលនេះ រហូតដល់ចប់ការងារ និងបញ្ចប់នូវក្ដីបារម្ភរបស់យើង»៕

Share.

Comments are closed.

Exit mobile version