ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានដំណើរការទៅ ៤ សប្តាហ៍កន្លងមកហើយ ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងជក់ចិត្តសម្រាប់រដូវកាលនេះ ។ នៅក្នុងសប្តាហ៍នេះការប្រកួតមានគ្រាប់បាល់ច្រើនៗ​ ចំនួន ២ ប្រកួតពោលគឺការប្រកួតរវាងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ មានគ្រាប់បាល់ចំនួន ៩ គ្រាប់ និងការប្រកួតរវាងក្រុមខេត្តព្រៃវែង និងអគ្គិសនីកម្ពុជា មានគ្រាប់បាល់ដល់ទៅ ៧ គ្រាប់។

 

ភ្នំពេញក្រោនធ្វើបានល្អមែនទែនសម្រាប់សប្តាហ៍នេះ ដោយប្រើពេលត្រឹមវគ្គទី ១ ប៉ុណ្ណោះរកបាន ៨ គ្រាប់លើអង្គរថាយហ្គឺរ ហើយជាលទ្ធផលចុងក្រោយគឺឈ្នះ ៨ ទល់ ១ ។ ចំនែកឯក្រុមខេត្តព្រៃវែងវិញ បន្ទាប់ពីកីឡាករបរទេស ៤ រូបចូលជួយក្រុមមក គឺបានលត់ក្រុមជើងឯកលីគទី ២ យ៉ាងចាស់ដៃជាមួយលទ្ធផល ៧ ទល់ ០ នៅកីឡដ្ឋានខេត្តព្រៃវែង។

ប្រាក់ ធីវ៉ា គឺជាកីឡាករកម្ពុជាមួយរូបដែលអាចរកគ្រាប់បាល់បាន ៣ គ្រាប់ក្នុងមួយប្រកួតដំបូងគេនៃពានលីគខាប់ឆ្នាំនេះ ហើយនៅសប្តាហ៍នេះក៏មិនមានកីឡាករណាធ្វើបានដូចគេដែរ។

គូពិសេសប្រចាំថ្ងៃសៅរ៍ រវាងព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ បានត្រឹមម្នាក់ ១ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីលទ្ធផលគឺ ០ ទល់ ០ នៅកីឡដ្ឋានស្តាតចាស់។ រីឯគូពិសេសនៅថ្ងៃអាទិត្យវិញ កាន់តែជក់ចិត្តគឺ ការប៉ះគ្នារវាងបឹងកេត និងក្រសួងការពារជាតិ ដែលមានគ្រាប់បាល់កើតឡើងដល់ទៅ ៧ គ្រាប់ ជាមួយនឹងការត្រលប់មកចូលរួមសារជាថ្មីរបស់ ចាន់ វឌ្ឍនាការ ហើយគេក៏អាចជួយក្រុមឲ្យទទួលបានជ័យជម្នះផងដែរ។ ការវិញត្រលប់របស់គេដោយប្តូរចូលនៅនាទីទី ៦៣ ហើយរូបគេបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់គ្រាប់ជ័យជម្នះលើក្រសួងការពារជាតិជាមួយលទ្ធផល ៤ ទល់ ៣។

សម្រាប់ការប្រកួតដែលមានអ្នកទស្សនាច្រើនជាងគេនៅសប្តាហ៍នេះគឺជាការប្រកួតរវាងវិសាខា និងគីរីវង់សុខសែនជ័យ មានចំនួន ១០៨១ នាក់ ហើយក្នុងការប្រកួតនេះដែលក៏ជាការប្រកួតដែលគីរីវង់ចាញ់ជាលើកដំបូងផងដែរ ក្នុងការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ ២០២៣ ជាមួយលទ្ធផល ២ ទល់ ០។

ការប្រកួតកាន់តែជក់ចិត្តពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ខណៈដែលក្រុមមួយចំនួនបានផ្តល់ពេលវេលាឲ្យយុវជនបានប្រកួតប្រជែងច្រើនសម្រាប់ពានរង្វាន់មួយនេះ៕

 

Share.

Comments are closed.

Exit mobile version