© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Makara
ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ កម្ពុជា កំពុងតែធ្វើការប្រមូលផ្តុំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ដើម្បីត្រៀមខ្លួនលេងព្រឹត្តិការណ៍សុីហ្គេម ដែលកម្ពុជានឹងរៀបចំនៅខែឧសភា ខាងមុខនេះ ។ ជុំវិញនឹងការប្រមូលផ្តុំហ្វឹកហាត់នេះកីឡាករឆ្នើមរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ៖ «មកដល់ទីនេះខ្ញុំមានអារម្មណ៍រីករាយ ស្រស់ស្រាយ ស្ងប់ស្ងាត់ល្អ ព្រោះជិតសមុទ្រ និងភ្នំ ដែលធ្វើឲ្យយើងបានផ្តោតខ្លាំង ។ ការហ្វឹកហាត់ខ្លាំង ដែលនាំឲ្យមានផលវិជ្ជមានច្រើន ហើយមួយទៀតនោះយើងអាចនៅជាមួយគ្នាច្រើន និងលេងជាមួយគ្នាឆាប់ត្រូវគ្នា ។ » គួររំលឹកផងដែរថាក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា ក៏មានការប្រកួតមិត្តភាព នៅទីនោះចំនួន ៣ ដងផងដែរ មុននឹងត្រលប់មកកាន់ប្រទេសកម្ពុជាយើងវិញ និងជម្រុះកីឡាករនៅសល់ត្រឹម ២០ នាក់ចុងក្រោយ ៕
ភ្នំពេញ៖ ក្នុងទិសដៅស្វែងរកនិងសម្រិតសម្រាំងជ្រើសរើសរកក្រុមអត្តពលិកដែលមានសមត្ថភាពខ្លាំងសម្រាប់ត្រៀមយកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំនោះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំការប្រកួតជ្រើសរើសជើងឯកវិញ្ញាសា Mobile Legends: Bang Bang ដោយរកឃើញជើងឯក២ក្រុមមានទាំងនារី និងបុរស។ ២ក្រុមដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)រកឃើញក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ នៅផ្សារទំនើប Aeon Mall 2 ម្សិលមិញនេះគឺឈ្មោះ Burn x Flash និងក្រុមកីឡាការិនី DG Angelz ដែលក្លាយជាជើងឯកប្រចាំឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនី DG Angelz ទទួលបានជ័យជម្នះទៅលើក្រុមនារី CFU Serendipity ក្នុងលទ្ធផល ៣ទល់នឹង១ ដើម្បីក្លាយជាម្ចាស់ជើងឯក។ ចំណែកក្រុមកីឡាករ Burn x Flash ក៏ប្រើពេលរហូតដល់៤ហ្គេមដែរទើបបានក្លាយជាជើងឯកគឺឈ្នះក្រុម CFU Gaming ក្នុងលទ្ធផល ៣ទល់នឹង១។ យ៉ាងណាក៏ដោយ តាមការឲ្យដឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមជើងឯកនីមួយៗនៅមិនទាន់ក្លាយជាក្រុមជម្រើសជាតិសម្រាប់ការចូលរួមប្រកួតស៊ីហ្គេមលើកទី៣២ នៅឡើយទេដោយក្រុមដែលឈានដល់វគ្គ៤ក្រុមចុងក្រោយនឹងត្រូវបានគណៈកម្មការជំនាញព្រមទាំងគ្រូបង្វឹកជ្រើសរើសកីឡាករកីឡាការិនីដែលខ្លាំងៗតាមជំនាញរៀងៗខ្លួនដើម្បីបង្កើតជាក្រុមជម្រើសជាតិពិតប្រាកដ ដូចនេះ មានន័យថាសមាជិកក្រុមដែលមិនបានឈ្នះជើងឯកក៏អាចមានឱកាសក្លាយជាកីឡាករជម្រើសជាតិកម្ពុជាដែរ។ បើយោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSCO) បានបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានសម្រេចដាក់កីឡាអេឡិចត្រូនិកចំនួន៦ប្រភេទស្មើនឹង៩វិញ្ញាសារួមមាន៖ – AK2 មាន២វិញ្ញាសា (ក្រុមបុរស និងឯកត្តជនបុរស) – BUBG មាន២វិញ្ញាសា (ក្រុមបុរស និងឯកត្តជនបុរស) – Mobile Legends: Bang Bang មាន២វិញ្ញាសា (ក្រុមបុរស និងក្រុមនារី), – League of Legends: Wild Rift មាន១វិញ្ញាសា (ក្រុមបុរស), – Valorant មាន១វិញ្ញាសា (ក្រុមបុរស) – Cross Fire មាន១វិញ្ញាសា (ក្រុមបុរស)។ គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងផ្តើមចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា…
កីឡាករមួយចំនួនអាចនឹងត្រូវបានចូលរួមការប្រកួតពានរង្វាន់លីគខាប់បាន បន្ទាប់ពីមានការសម្របសម្រួលពីក្រុមហ៊ុនលីគ ។ ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសអំពីការប្រមូលផ្តុំហ្វឹកហាត់កីឡាករអាយុក្រោម ២២ឆ្នាំ នៅប្រទេសថៃ កោះសាមុយ ដែលជាមូលហេតុធ្វើឲ្យក្រុមមួយចំនួនមិនមានកីឡាករគ្រប់ការកំនត់នៃការចុះបញ្ជី ទើបក្រុមហ៊ុនលីគបានសម្រេចឲ្យមានការចុះឈ្មោះកីឡាករកម្ពុជា ៦នាក់បន្ថែមទៀត ។ សម្រាប់កាលបរិច្ឆេទនៃការបើកទីផ្សារដោះដូរគឺចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្រោយពីការប្រកាសបែបនេះយើងឃើញថាមានវត្តមានកីឡាករជាច្រើនអាចចូលលេងបានចាប់ពីសប្តាហ៍នេះតទៅ ជាក់ស្តែងដូចជា៖ Nick Taylor, ណុប ដេវីដ, Marques Marcio (របស់ណាហ្គាវើលដ៏), និងកីឡាករបរទេស ៤ រូបរបស់ក្រុមខេត្តព្រៃវែង ។ គួររំលឹកផងដែរថាបន្ទាប់ពីមានការសម្របសម្រួលនេះកើតមានឡើង យើងនឹងរំពឹងថាក្លិបមួយចំនួនអាចនឹងបន្ថែមកីឡាករដើម្បីពង្រឹងក្លិបបន្ថែមទៀតក្នុងរយៈពេល ៥ថ្ងៃនេះ ៕
ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ដើម្បីប្រមូលផ្តុំហ្វឹកហាត់លើកទី១ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំ ត្រៀមលេងសុីហ្គេម។ កោះសាមុយ គឺជាកោះធំលំដាប់ទីពីររបស់ប្រទេសថៃ ចម្ងាយប្រមាណជាង ៦៥០គ.ម ពីទីក្រុងបាងកក ស្ថិតក្នុង ខេត្ត ស៊ូរ៉ាត់ ថានី មានផ្ទៃដី ២២៨.៧គ.មក្រឡា កម្ពស់ ពីនីវ៉ូទឹកសមុទ្រ ៦៣៥ម ហើយមានប្រជាជនរស់នៅទីនោះប្រមាណជាង ៧០០០០ នាក់។ នៅទីនោះគឺមានសាលាបាល់ទាត់ Football For All Nations អាចឲ្យក្រុមផ្សេងៗធ្វើការហ្វឹកហាត់ និងបោះជំរុំហ្វឹកហាត់នៅទីនោះផងដែរ មិនថាក្រុមនៅក្នុងតំបន់នោះទេ គឺគ្រប់ជាតិសាសន៍តែម្តង។ ហេដ្ឋារចនាសម្ព័ន្ធ ទីលាន និងអាកាសធាតុ គឺជាកត្តាសំខាន់ណាស់សម្រាប់ការហ្វឹកហាត់បាល់ទាត់ ពិសេសសម្រាប់ក្រុមជម្រើសជាតិកម្ពុជាតែម្តង ព្រោះវាមិនខុសឆ្ងាយគ្នាពីប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា គ្រោងនឹងធ្វើដំណើរទៅកាន់កោះសាមុយ នៅថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដែលក្នុងបញ្ជីឈ្មោះជាបឋមដំបូងនេះគឺចំនួន ៣០នាក់។ សម្រាប់ការបោះជំរុំហ្វឹកហាត់បាល់ទាត់នេះនឹងធ្វើឡើង ២លើក បន្ទាប់ពីការជម្រុះកីឡាករចេញចំនួន ១០នាក់ សង្ឃឹមថាពួកគេនឹងមានការប្រកួតប្រជែងគ្នាបានល្អ ដើម្បីបានលេងតំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសុីហ្គេមនៅកម្ពុជានេះ៕
ភ្នំពេញ៖ បន្ទាប់ពីរកឃើញសារធាតុញៀនដូពីងនៅក្នុងទឹកនោមរបស់កីឡាករកាយវប្បកម្ម២រូបនាអំឡុងពេលប្រកួតកីឡាជាតិលើកទី៣ក្នុងពេលកន្លងមកនោះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយវប្បកម្មក៏បានសម្រេចធ្វើតាមច្បាប់របស់សហព័ន្ធអន្តរជាតិដោយបានដកមេដាយដែលពួកគេបានប្រកួតឈ្នះត្រលប់មកទុកនៅសហព័ន្ធវិញ និងបានធ្វើការបញ្ឈប់ពួកគេទាំង២មិនឲ្យចូលរួមប្រកួតទាំងជាតិ និងអន្តរជាតិរយៈពេល២ឆ្នាំ។ ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម លោក តឹក ប៊ុនវី បានឲ្យដឹងថា នៅក្នុងបទបញ្ជានៃការប្រកួតបើសិនមានកីឡាករការិនីរូបណាដែលធ្វើខុសនូវបទបញ្ជាដោយប្រើប្រាស់សារធាតុហាមឃាត់ សហព័ន្ធមានសិទ្ធិក្នុងការដកមេដាយមកវិញ និងមិនអនុវញ្ញាតឲ្យចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិឡើយរយៈពេល២ឆ្នាំហើយនៅក្នុងករណីដែលការព្យួរអស់សុពលភាពនោះសហព័ន្ធនឹងអនុញ្ញាតឱ្យពួកគាត់ចូលរួមប្រកួតឡើងវិញ ប៉ុន្តែពួកគាត់ត្រូវធ្វើតេស្តដើម្បីពិនិត្យមើលថា ពួកគាត់ពិតជាអស់សារធាតុញៀននៅក្នុងខ្លួនពិតប្រាកដមែន។ លោកបន្ថែមថា មកទល់នឹងពេលនេះទាំងកីឡាករការិនី និងសហព័ន្ធសុទ្ធតែមានការសោកស្ដាយជាខ្លាំងដែលមិនបានចូលរួមប្រកួតដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងក្រសួងអប់រំយុវជន និង កីឡាបានដកឈ្មោះចេញពីការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣នេះដោយសារតែសហព័ន្ធមានជាប់ពាក់ព័ន្ធនឹងសារធាតុហាមឃាត់។ ជាមួយគ្នានេះដែរកីឡាករ ២រូប ដែលរកឃើញសារធាតុហាមឃាត់ ក្រោយកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា រួមមានកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បន្ទាប់ពីពួកគេបានចូលសារភាពចំពោះមុខសហព័ន្ធនិងយល់ព្រមដកមេដាយរួមទាំងព្យួរការប្រកួតរយៈពេល២ឆ្នាំចំពោះកំហុសឆ្គងដែលពួកគេបានប្រព្រឹត្តដោយអចេតនា៕
ភ្នំពេញ៖ ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ បណ្ដាក្រុមហ៊ុនឯកជនជាច្រើនបានបន្តចូលរួមចុះកុងត្រាឧបត្ថម្ភដល់គណៈកម្មការរៀបចំស៊ីហ្គេម (CAMSOC) ដែលក្នុងនោះក៏មានក្រុមហ៊ុន Vattanac Brewery និង ទឹកបរិសុទ្ធ Kulen ផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងថា ក្រុមហ៊ុនទឹកបរិសុទ្ធគូលែនបានផ្តល់ការផ្គត់ផ្គង់ដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមទាំងមូលដោយក្នុងទ្រង់ទ្រាយធំលើសពីភាពគ្រប់គ្រាន់ទៅទៀតខណៈដែលតម្រូវការជាក់ស្តែងអាចដល់ជាង៥ម៉ឺនកេស។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «យើងមានភាពត្រេកអរណាស់ហើយយើងនឹងប្រើប្រាស់ទឹកនេះឱ្យចំគោលដៅ។ អ្វីដែលយើងកោតសរសើរនោះ គឺថាបើទោះបីជាក្រុមហ៊ុនអូគូលែនមានកម្រិតអាជីវកម្មមិនធំពេកក្តី ប៉ុន្តែតំណាងក្រុមហ៊ុនមានឆន្ទៈនិងមោទនភាពចំពោះការចូលរួមជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង»។ ចំណែកក្រុមហ៊ុន Vattanac Brewery ក៏បានចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ទាំងមូលផងដែរលើការផ្គត់ផ្គង់ភេសជ្ជៈកីឡា និងជួយឧបត្ថម្ភគាំទ្រផ្នែកផ្សេងៗមួយចំនួនទៀតសម្រាប់ម្ចាស់ជ័យលាភីមេដាយរបស់អត្តពលិកកម្ពុជាដូចជាការកម្សាន្ត ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ Rosewood និងជួយគាំទ្រលើផ្នែកមួយចំនួនទៀត។ បន្ថែមពីលើនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏កំពុងកៀរគរស្វែងរកថវិកាពីសប្បុរសជននានាពីព្រឹត្តិការណ៍ប្រគំតន្ត្រីក្នុងការផ្តល់ជូនដល់មូលនិធិក្រុមកីឡាកម្ពុជា (Team Cambodia) ផងដែរ។ ឯកឧត្តមបន្តថា នេះជាការឧបត្ថម្ភពីក្រុមហ៊ុនជាដៃគូជាបន្តបន្ទាប់ដែលជាតម្រូវការចំបាច់បំផុតសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ឲ្យឆ្ពោះទៅរកភាពជោគជ័យជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា។ នេះមានន័យថា ការស្វែងរកដៃគូវិស័យឯកជនឲ្យបានកាន់តែច្រើនដើម្បីកាត់បន្ថយការចំណាយថវិកាដោយចំណាយថវិកាតិចប៉ុន្តែធ្វើឲ្យព្រឹត្តិការណ៍កីឡាទាំងមូលមានភាពអស្ចារ្យ។ ទាំងអស់នេះគឺក្រោមការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC ៕
វៀតណាម៖ លោក Philippe Troussier ទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិវៀតណាមឈុតធំ និងក្រុម U23 ដែលនឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នៅកម្ពុជានាខែឧសភាខាងមុខនេះជាមួយនឹងកិច្ចសន្យាការងារចំនួន ៤ឆ្នាំពីឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលភារកិច្ចអាទិភាពរបស់លោកគឺដឹកនាំក្រុមធំសម្រាប់ការប្រកួតអំឡុងពេល FIFA DAY និងក្រុម U23 ក្នុងការប្រកួតសុីហ្គេមតែម្តង។ ជាមួយនឹងប្រវត្តិធ្លាប់ដឹកនាំក្រុម U19 ជម្រើសជាតិវៀតណាមកន្លងមក លោក Philippe Troussier ត្រូវបានគេរំពឹងថា នឹងនាំមកនូវសមិទ្ធិផលថ្មីបន្ថែមទៀត ខណៈដែលក្រុមនាគមាសវៀតណាមត្រូវប្រកួតប្រជែង the Asian Cup នាប្រទេសកាតានៅដើមឆ្នាំក្រោយផងដែរនោះ។ ក្នុងវ័យ ៦៧ឆ្នាំ លោក Philippe មានដំណើរដ៏វែងឆ្ងាយលើទឹកដីអាសុី ដោយធ្លាប់ដឹកនាំក្រុមជម្រើសជាតិជប៉ុនឈ្នះជើងឯក the Asian Cup ក្នុងឆ្នាំ២០០០ ហើយនាំឲ្យរូបលោកបានឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំទ្វីបអាសុីនាឆ្នាំដដែលនោះថែមទៀត។ កាលពីឆ្នាំ២០២០ លោកត្រូវបានសហព័ន្ធបាល់ទាត់អាសុី ផ្តល់នាមជា គ្រូបង្វឹកដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ Asian Cup ។ ២ឆ្នាំក្រោយមក បុរសជនជាតិបារាំងរូបនេះនាំក្រុមម្ចាស់ផ្ទះសាម៉ូរ៉ៃជប៉ុនឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup តែបន្ទាប់មកបានប្តូរទៅដឹកនាំក្រុមជម្រើសជាតិកាតា ព្រមទាំងធ្លាប់ដឹកនាំក្លិប Shenzhen Ruby និង Hangzhou Greentown នៃលីគកំពូលចិន។ ជាមួយគ្នានេះដែរ រូបលោកក៏ធ្លាប់មានប្រវត្តិជោគជ័យនៅទ្វីបអាហ្វ្រិកដោយធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិកូឌីវ័, នីហ្សេរីយ៉ា, ប៊ួគីណាហ្វាស្សូ មុននឹងបាននាំក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូងទៅកាន់ព្រឹត្តិការណ៍ FIFA World Cup នាឆ្នាំ១៩៩៨៕
ឡាវ៖ លោក សាយសាម៉ន ឆៃសន ប្រធានសហព័ន្ធកីឡាប្រដាល់ឡាវ ឬមួយឡាវកំពុងតែធ្វើឲ្យសាធារណជនថៃមានការមិនពេញចិត្តបន្ទាប់ពីមានការចុះផ្សាយព្រោងព្រាតនៅក្នុងប្រទេសថៃបន្ទាប់ពីរូបលោកបានធ្វើការរិះគន់ធ្ងន់ៗថា សមាគមកីឡាមួយថៃអន្តរជាតិ ឬ (IFMA) គ្មានសិទ្ធិដាក់បម្រាមលើកីឡាករណាដែលចូលរួមការប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ខាងមុខនេះឡើយ មិនតែប៉ុណ្ណោះលោកថែមទាំងគាំទ្រពេញទំហឹងចំពោះកម្ពុជានិងបានលើកឡើងថា កីឡាមួយថៃ ទៅវិញទេដែលជាសិល្បៈតស៊ូក្លែងក្លាយ ឬជារបស់កូពីតែប្រជាជនថៃបែរជានាំគ្នាបង្កើតរឿងឲ្យមនុស្សទូទាំងពិភពលោកយល់ខុសទាំងដែលការពិតកីឡានេះមានកំណើតមកពីគុនល្បុក្កតោដែលជាសិល្បៈតស៊ូបូរាណរបស់ខ្មែរ។ ក្នុងវីដេអូឃ្លីបដែលបានចុះផ្សាយនាថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ លោក សាយសាម៉ន ឆៃសន បានថ្លែងថា សម្រាប់សមាគមកីឡាមួយថៃអន្តរជាតិគឺគ្មានសិទ្ធិក្នុងការដាក់បម្រាមកីឡាករដែលប្រកួតគុនខ្មែរឡើយហើយប្រទេសនានាដែលមកចូលរួមប្រកួតគឺឈរលើស្មារតីសាមគ្គីទាំង ១១ប្រទេសមិនដូចប្រទេសថៃដែលគិតតែពីផលចំណេញ គិតតែពីជំនួញ និងការវិនិយោគ ហេតុនេះ ថៃគឺជាដើមហេតុនៃបញ្ហាក្នុងរឿងនេះ។ លោកបានបន្ថែមថា ភាគីថៃមានការមិនពេញចិត្តបន្ទាប់ពីអង្គការយូណេស្កូប្រកាសបញ្ចូលគុនល្បុក្កតោរបស់ខ្មែរជាសម្បត្តិបេកតិកភណ្ឌពិភពលោកខណៈដែលសំណើរបស់ពួកគេត្រូវបានអង្គការនេះបដិសេធហើយក៏ព្យាយាមបង្ហាញថាពួកគេជាម្ចាស់ពិតប្រាកដដោយបានទាំងអះអាងដោយគ្មានការទទួលខុសត្រូវថា កីឡាមួយថៃនឹងក្លាយជាវិញ្ញសាក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៨ ខណៈដែលក្នុងបញ្ជីកីឡាប្រកួតប្រជែងគឺមានតែកីឡាឃីកប៊ុកសុី ឬ Kick Boxing តែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ការដែលភាគីថៃអះអាងថា គុនខ្មែរបានចម្លងក្បួនខ្នាតប្រកួតពីមួយថៃក៏មិនអាចទៅរួច ព្រោះកីឡានេះមានការទាត់ ធាក់ និងវាយកែងដូចគ្នា សូម្បីតែមួយឡាវឬប្រដាល់ឡាវក៏មាន ហេតុនេះ វាជាការរៀបចំតាមរបៀបរៀងៗខ្លួន។ ជារួមសម្រាប់ប្រទេសឡាវគឺបានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនកីឡាករទៅប្រកួតគុនខ្មែរជាមួយនឹងប្រទេស ៥ផ្សេងទៀតដូចជា ម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងឥណ្ឌូនេសុី ចំណែកម៉ាឡេសុីទំនងជានឹងក្លាយជាប្រទេសចូលរួមទី៧ ផងដែរ។ ជាចុងក្រោយលោក សាយសាម៉ន ឆៃសន បានប្រកាសថា ប្រសិនបើភាគីថៃដាក់បម្រាមលើកីឡាករឡាវដែលចូលរួមប្រកួតគុនខ្មែរ នោះខាងឡាវក៏នឹងដាក់បម្រាមលើកីឡាករមួយថៃដូចគ្នា៕
ភ្នំពេញ៖ ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ទើបតែបានប្រកាសជូនដំណឹងពីការជ្រើសរើសកីឡាករ កីឡាការិនី និងសាធារណៈជនដែលមាននិស្ស័យស្រលាញ់គាំទ្រនិងចេះលេងអុកចត្រង្គដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនាខែមេសាខាងមុខនេះ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយឈប់ទទួលពាក្យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាច។ ដោយបេក្ខជនអាចដាក់ពាក្យនៅតាមទីស្នាក់ការ សសយក រាជធានី-ខេត្ត គណៈកម្មាធិការអូឡាំពិកកម្ពុជា សហពន្ធ័កីឡាអុកចត្រង្គកម្ពុជា និងតាមទីតាំងមួយចំនួនទៀតដូចជានៅខេត្តព្រះសីហនុ កំពត កែប កោះកុង ខណៈដែលការប្រកួតជម្រុះនឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំណែកនៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល និងតាកែវ នឹងប្រកួតនៅថ្ងៃទៅ២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំពោះខេត្តក្រចេះ រតនគីរី មណ្ឌលគីរី និងស្ទឹងត្រែង នឹងប្រកួតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ សម្រាប់ទីតាំងទី៤ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀងនឹងប្រកួតនៅថ្ងៃទី៣ ខែមីនា។ ដោយឡែកនៅទីតាំងទី៥រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ នឹងប្រកួតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ រីឯទីតាំងទី៦ ដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងប៉ៃលិន នឹងប្រកួតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ទីតាំងចុងក្រោយនារាជធានីភ្នំពេញនឹងប្រកួតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតជ្រើសរើសជើងខ្លាំង ៨នាក់ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទៅ២០ ខែមីនា ឆ្នាំ២០២៣ ហើយពួកគេនឹងត្រូវចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនៅទឹកដីខេត្តសៀមរាបក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតែម្តង។ គួររំលឹកថា គិតតាំងចាប់ពីការប្រកួតលើកដំបូងនាឆ្នាំ២០១៤មក តំណែងស្តេចអុកអង្គរសង្ក្រាន្តត្រូវបានគ្រប់គ្រងដោយកីឡាករ ឈាវ បូរ៉ា ២លើក (២០១៤ និង២០១៥) កីឡាករ ហូយ សូណា នៅឆ្នាំ២០១៦ ចំណែកកីឡាករ ហេង សៅឌី ឈ្នះក្នុងឆ្នាំ២០១៧ និងចុងក្រោយនាឆ្នាំ២០១៨ បានលើកីឡាករ សុខ លឹមហេង៕
ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រសួងមហាផ្ទៃចំនួន១០នាក់ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រគល់វិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលកម្រិតមធ្យមដោយប្រើពេលចំនួន៣ខែ រួចមក ខណៈដែលក្នុងពិធីប្រគល់វិញ្ញាបនបត្រនោះក៏មានការសម្ដែងស្នៀតផ្សេងៗពីសិស្សគុនផងដែរ។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូឧទ្ទេស លោក គង់ ចាន់ទីណា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលកម្រិតមធ្យមនេះបានសិក្សារយៈពេល៣ខែចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ និងមានសិក្ខាកាមចូលរួមចំនួន១០នាក់ (ស្រី១នាក់) មកពីសាលាបណ្ឌិតសភានគរបាលកម្ពុជាហើយទើបតែធ្វើពិធីប្រគល់វិញ្ញាបនបត្រនាពេលនេះ។ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលទាំងនេះ ត្រូវបានធ្វើឡើងនៅទីលានហ្វឹកហាត់លើដំបូលអគារសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិដោយមានការចូលរួមផ្ទាល់ពីលោក សៅ សេងហាក់ ជាប្រធានសហព័ន្ធ ព្រមទាំងថ្នាក់ដឹក គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនីជាច្រើននាក់ទៀត ហើយក្នុងពិធីនោះ សិស្សគុនទាំងចាស់ និងយុវជនបានសម្ដែងស្នៀតពិសេសដូចជាមេគុន ស្នៀតកាច់ ស្នៀតការពារខ្លួន ១ទល់៣ និងបំបែកឥដ្ឋតាន់ជាដើម។ ជាមួយគ្នានេះដែរអនុប្រធានសហព័ន្ធ លោក គួច ហុងជៀក ក៏បានថ្លែងអំណរគុណសិក្ខាកាមដែលជាមន្ត្រីថ្នាក់ដឹកនាំនគរបាលចំណាយពេលមកហ្វឹកហាត់កីឡាហាប់គីដូដើម្បីសុខភាព និងពង្រឹងកាយសម្បទានៅវគ្គនេះ។ លោកជឿជាក់ថាសិក្ខាកាមនឹងចូលរួមជួយផ្សព្វផ្សាយ ឬបង្ហាត់បង្រៀនពង្រីកវិសាលភាពក្បាច់គុននេះដល់អ្នកដទៃផ្សេងទៀតដើម្បីជាប្រយោជន៍ដល់សុខភាពក៏ដូចជាសម្រាប់ការពារខ្លួនផងដែរ៕
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.