នៅព្រលប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ម៉ោងនៅកម្ពុជា ការប្រកួតបាល់ទាត់កម្រិតពិភពលោកដ៏គួរឱ្យចាប់អារម្មណ៍មួយនឹងកើតឡើង គឺជាការជួបគ្នារវាង អ៊ីតាលី ជាមួយនឹង អាហ្សង់ទីន នឹងត្រូវបានគេឱ្យឈ្មោះថា ‘The 2022 Finalissima’

ការប្រកួត ‘The 2022 Finalissima’ ឆ្នាំ២០២២ គឺជាពានរង្វាន់ដែលសហការគ្នារវាងសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបធំពីរ ‘CONMEBOL-UEFA Cup of Champions’ ដែលជាការប្រកួតបាល់ទាត់រវាងអ្នកឈ្នះជើងឯកនៅទ្វីបអាមេរិកខាងត្បូង និងក្រុមឈ្នះជើងឯកទ្វីបអឺរ៉ុប ដោយព្រមព្រៀងគ្នា បន្ទាប់ពី UEFA និង CONMEBOL បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មី និងបន្តទៀត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ វានឹងក្លាយជាការប្រកួតលើកទី៣ សម្រាប់ព្រឹត្តិការណ៍នេះ។

សម្រាប់ឆ្នាំនេះ ការប្រកួតនឹងមានក្រុមជម្រើសជាតិអ៊ីតាលី ដែលឈ្នះពានរង្វាន់ UEFA Euro 2020 (ប្រារព្ធធ្វើឡើងក្នុងឆ្នាំ២០២១) និងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាអ្នកឈ្នះពានរង្វាន់ Copa América ឆ្នាំ២០២១។ វានឹងត្រូវលេងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស វេលាម៉ោង ១:៤៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២ ម៉ោងនៅកម្ពុជា។ 

Finalissima នឹងក្លាយជាការប្រកួតមួយគូដែលលេង៩០នាទី។ មិនមានម៉ោងបន្ថែមទេ ដូច្នេះប្រសិនបើការប្រកួតស្មើនៅចុងបញ្ចប់ នោះវានឹងឈានទៅដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី។ 

ការប្រកួតនេះគឺជាផ្នែកមួយនៃការពង្រីកកិច្ចសហប្រតិបត្តិការរវាង UEFA និង CONMEBOL ដែលជាពិសេសរួមមានបាល់ទាត់នារី ហ្វូតសាល និងយុវជន ការផ្លាស់ប្តូរអាជ្ញាកណ្តាល ក៏ដូចជាគម្រោងបណ្តុះបណ្តាលបច្ចេកទេសផងដែរ។

គួរដឹងដែរថា ពានរង្វាន់នេះធ្លាប់បានធ្វើឡើងចំនួន ២ដងរួចមកហើយដោយដំបូងមានឈ្មោះថា Artemino Franchi Cup ពោលគឺលើកដំបូងធ្វើឡើងកាលពីឆ្នាំ១៩៨៥ កាលនោះ បារាំង បានយកឈ្នះ អ៊ុយរាហ្គាយ ២០។ និងលើកទី២ នៅឆ្នាំ១៩៩៣ អាហ្សង់ទីន បានយកឈ្នះ ដាណឺម៉ាក ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៥៤ បន្ទាប់ពីស្មើគ្នា ១១ ក្នុងរយៈពេល ៩០នាទីពេញ៕

Share.

Comments are closed.

Exit mobile version