© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ni Monic
ព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺគ្រោងប្រារព្ធធ្វើឡើងនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមវិបសាយស៊ីហ្គេម២០២៣ ផ្លូវការ cambodia2023.com ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ លើរបៀបវារៈសំខាន់ៗពីរ ដែលក្នុងនោះក៏មានពិភាក្សាទៅលើ ការពិនិត្យព្រះរាជពិធីសុំភ្លើងអាទិទេពកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងពិធីរត់ភ្លើងគប់។ ឯកឧត្តមមានប្រសាសន៍ថា 🗣 «យើងឃើញហើយថាការរត់ភ្លើងគប់ ការយកភ្លើងគប់ នៅក្នុងទីឋានរបស់អាទិទេពមួយ ដែលមានភាពស័ក្ដិសិទ្ធិ មានភាពជឿជាក់ថា ជាទីឋានអាទិទេព មានតែប្រាសាទអង្គរវត្តរបស់យើង ដែលល្បីល្បាញលើពិភពលោក ក៏ដូចជាសម្រាប់ទីសក្ការៈ នៃអាទិទេពសម្រាប់អាស៊ីអាគ្នេយ៍ផងដែរ»។ «អ៊ីចឹង ប្រទេសអាស៊ាន ក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏គេមើលឃើញអញ្ចឹងដែរ។ គេមើលឃើញថា កម្ពុជាបានរៀបចំត្រឹមត្រូវ ព្រោះមើលឃើញកន្លែងមានលក្ខណៈពិសេសត្រឹមត្រូវ ដែលអាស៊ានគួរយកធ្វើគំរូ។ ប៉ុន្ដែនេះគ្រាន់តែយើងបង្ហាញ និងធ្វើជាគំរូគេប៉ុណ្ណោះ។ តែបើសិនជាក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ មើលឃើញភាពចាំបាច់សម្រាប់ប្រទេសផ្សេងៗថា រាល់ស៊ីហ្គេមទាំងអស់ ត្រូវមកយកភ្លើងគប់នៅហ្នឹង (ប្រាសាទអង្គរវត្ត) ដូចព្រឹត្តិការណ៍អូឡាំពិក ដែលទៅយកភ្លើងគប់ នៅភ្នំអូឡាំព្យាដ នាប្រទេសក្រិចដូចគ្នា យើងនឹងស្វាគមន៍ យើងនឹងក្លាយជាប្រទេសដែលផ្ដើមចេញនូវគំនិតផ្ដួចផ្ដើមដ៏ល្អមួយ សម្រាប់មនុស្សជាតិ និងប្រទេសទាំងអស់ នៅក្នុងអាស៊ាន មិនមែនសម្រាប់តែកម្ពុជានោះទេ»។ សូមបញ្ជាក់ថា ជាទូទៅមុនស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មកដល់គេតែងតែធ្វើពិធីដង្ហែភ្លើងគប់ដោយចេញពីកម្ពុជា រួចទៅកាន់ប្រទេសក្នុងតំបន់ ទើបត្រលប់មកកម្ពុជាវិញ៕
លោក Wittaya Laohakul អតីតប្រធានបច្ចេកទេសសមាគមកីឡាបាល់ទាត់ថៃ បាននិយាយទៅកាន់សមាគមរបស់ខ្លួន ដើម្បីពន្លឿនការអភិវឌ្ឍន៍បាល់ទាត់យុវជន បន្ទាប់ពីបរាជ័យជាប់ៗគ្នា ក្នុងតំបន់អាស៊ាន។ ពីការបរាជ័យក្នុងវិស័យបាល់ទាត់ក្នុងកម្រិតយុវជនរបស់ក្រុមជម្រើសជាតិថៃ បង្ហាញទម្រង់លេងមិនសូវល្អ ទាំងកម្រិត U16, U19 រួមទាំង U23 រហូតអ្នកគាំទ្រថៃចាប់ផ្ដើមអស់ជំនឿ។ កាលពីពេលថ្មីៗនេះ លោក Witthaya Laohakul អតីតប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកទេសរបស់ក្រុមជម្រើសជាតិថៃ បានដាក់សំណើរជូនសមាគមបាល់ទាត់ ដើម្បីពន្លឿនការអភិវឌ្ឍន៍បាល់ទាត់នៅកម្រិតយុវជន។ លោកបាននិយាយថា៖ “បាល់ទាត់ជាកីឡាដែលទាមទារការហ្វឹកហាត់ខ្លាំង។ បើយើងមិនធ្វើអ្វីខុសពីក្រុមផ្សេងទៀតដែលហ្វឹកហាត់ខ្លាំង វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលយើងមិនអាចប្រជែងជាមួយគេ។ សូម្បីតែលីគបាល់ទាត់របស់យើងក៏នឹងខ្លាំងជាងនេះដែរ ប៉ុន្តែពេលមើលទៅកម្រិតយុវជន គ្មាននរណាម្នាក់យកចិត្តទុកដាក់ទាល់តែសោះ”។ “កាលពីមុន AFC បានបើកសម្រាប់ក្លិបដើម្បីដាក់ពាក្យស្នើសុំគម្រោងអភិវឌ្ឍន៍យុវជន។ ប៉ុន្តែមានតែក្រុមមួយចំនួនក្នុងប្រទេសថៃប៉ុណ្ណោះដែលបានដាក់ពាក្យ។ ខុសពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី និងអាស៊ាន ដែលបានដាក់ពាក្យសម្រាប់គម្រោងមួយចំនួនធំ យើងនៅតែអន់ជាងពួកគេក្នុងបញ្ហានេះ”។ “ឧទាហរណ៍ ឥឡូវនេះ វៀតណាមមានរចនាសម្ព័ន្ធយុវជនលំដាប់ពិភពលោក ស្មើជាមួយ Bayern Munich, Borussia Dortmund ឬ Aspire Training Center នៅកាតា។ ពួកគេមានកន្លែងហ្វឹកហាត់លំដាប់ពិភពលោក។ មានប្រព័ន្ធរចនាសម្ព័ន្ធច្បាស់លាស់ ខុសពីក្រុមជម្រើសជាតិថៃដែលមិនមានរបស់ទាំងនេះ”។ “វាសំខាន់ណាស់ ដែលវាមិនមែនមានតែវៀតណាមទេដែលមានការអភិវឌ្ឍន៍ឆ្ងាយណាស់ ព្រោះឥឡូវនេះសិង្ហបុរី, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ និងម៉ាឡេស៊ី ក៏កំពុងពន្លឿនការអភិវឌ្ឍន៍របស់ពួកគេដែរ។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន”។ ប្រភព៖ asiasport.com
យោងតាមប្រសាសន៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហៅកាត់ (CAMSOC) បានបញ្ជាក់ថា កម្ពុជា កំពុងត្រៀមវិញ្ញាសាប្រកួតប្រមាណជាជាង៥០០ សម្រាប់ដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការបញ្ជាក់របស់ឯឧត្តមដូច្នេះគឺនៅក្រោយ កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចលើវិញ្ញាសាក្នុងការដាក់បញ្ចូលទៅប្រកួតស៊ីហ្គេម ២០២៣ នៅកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ កីឡាចំនួន ៣៩ប្រភេទ បូកនិងកីឡាសម្ដែង ១ប្រភេទ ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ អនុម័តក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅកម្ពុជា ហើយនៅថ្ងៃនេះផងដែរ វិញ្ញាសាប្រកួត (Events) ជាង៥០០វិញ្ញាសា ឬជាង៥០០មេដាយមាស ដែលស្ថិតក្រោមប្រភេទកីឡាទាំង៣៩ ត្រូវបានអង្គប្រជុំពិនិត្យ និងសម្រេច ដើម្បីត្រៀមដាក់បង្ហាញក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសប្ដាហ៍ក្រោយ នាទីក្រុងបាងកក ប្រទេសថៃ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍នៅលើ cambodia2023.com ថា៖ «យើងបានប្រជុំថ្ងៃនេះគឺកំណត់វិញ្ញាសាដែលត្រូវដាក់ចូលក្នុងការប្រកួតក្នុងប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានសម្រេចរួចហើយ អ៊ីចឹងអ្វីដែលយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ដោយដាក់វិញ្ញាសារបស់ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយនេះ (ថ្ងៃច័ន្ទ អង្គារ៍ ពុធ) គឺជាថ្ងៃដែលប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅឯទីក្រុងបាងកក។ យើងនឹងបង្ហាញគេអំពីប្រភេទវិញ្ញាសាដែលយើងត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម អ៊ីចឹងបើយើងបូកទៅគឺជាង ៥០០វិញ្ញាសា ស្មើនឹងជាង ៥០០មេដាយ ដែលយើងត្រូវរៀបចំនៅស៊ីហ្គេម ២០២៣»។ «យើងបានជំរះ បានន័យថាយើងបានស្កេនគ្រប់ប្រភេទកីឡាទាំងអស់ឲ្យមានភាពជាក់លាក់ថាវិញ្ញាសាដែលគាត់បានដាក់នេះពិតជាមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ប្រភេទកីឡារបស់ខ្លួន។ គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកឧត្តមភាព គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកសក្ដានុពល ហើយគាត់មានយុទ្ធសាស្ត្រក្នុងការស្វែងរកនូវជ័យលាភីរបស់គាត់។ យើងប្រជុំថ្ងៃនេះយើងលម្អិតអំពីចំណុចតូចៗណាដែលយើងមិនទាន់យល់គ្នា នៅមានភាពស្រពិចស្រពិល មិនទាន់យល់យុទ្ធសាស្ត្រស៊ីជម្រៅ គឺត្រូវបើកកកាយនៅថ្ងៃនេះ។ អ៊ីចឹងសហព័ន្ធទាំងអស់គឺយើងបានទទួលហើយនូវគម្រោង ផែនការ និងការកំណត់ប្រភេទវិញ្ញាសារបស់គាត់បានរួចរាល់អស់ហើយ យើងនៅសេសសល់តិចតួច យើងនឹងបញ្ចប់នៅថ្ងៃនេះ និងថ្ងៃស្អែក ហើយដើម្បីថ្ងៃច័ន្ទ យើងយកទៅក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក»។ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គ្រោងនឹងធ្វើពីថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចំនួន ៣៩ប្រភេទ បូកកីឡាសម្ដែង១ប្រភេទ ដែលអនុម័តឱ្យប្រកួតជាផ្លូវការ ហើយអ្វីៗនឹងកាន់តែច្បាស់ផ្លូវការ នៅក្រោយកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននឹងកំពុងរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់ រាជធានី-ខេត្ត ដែលមានការចូលរួមពីគ្រូឧទេ្ទសរបស់ UEFA Assist Program។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីប្រធាន និងអនុប្រធានមន្ទីអប់រំ យុវជន និងកីឡា ទាំង២៥ រាជធានី-ខេត្ត។ គោលបំណងរបស់សិក្ខាសាលានេះ ធ្វើឡើងដើម្បីជាការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានមើលឃើញថា កម្ពុជាមានការអភិវឌ្ឍថ្នាលយុវជនគ្រប់ខេត្តរួចទៅហើយ និងជាមួយគ្នា ដែលកន្លងមក UEFA Assist ធ្លាប់បានជួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើផ្នែកសម្ភារ (ជារថយន្ដ) ម្ដងរួចហើយផងដែរ។ ចាំបានថា កាលពីឆ្នាំ២០២០ UEFA បានជួយកម្ពុជាតាមរយៈគម្រោងថវិកា UEFA Assist Program ផ្ដល់ប្រាក់ឱ្យកម្ពុជាតាមរយៈ AFC ចំនួន ៤៣ ០០០អឺរ៉ូ ឬស្មើនឹងជិត៥ម៉ឺនដុល្លារ ដើម្បីទិញឡានប្រភេទ១២កៅអី ទុកសម្រាប់ប្រើប្រាស់។ ជាការឆ្លើយតបទៅនឹងក្ដីរំពឹង លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយនៅលើ cambodia2023.com ថា លោកសង្ឃឹមសិក្ខាកាមនឹងទទួលបានផ្លែផ្កាពីសិក្ខាសាលានេះ ដ្បិតគ្រូឧទ្ទេសមកពីប្រទេសដែលជឿនលឿនលើវិស័យបាល់ទាត់ ជាពិសេសតំណាងរាជធានី-ខេត្តចូលរួម គឺមានឋានៈជាប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្ត ដែលមានភាពងាយស្រួលក្នុងការសម្រេចចិត្ត។ សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានី-ខេត្ត មានប្រធានបទសំខាន់ៗដូចជា អភិបាលកិច្ច និងរចនាសម្ព័ន្ធសមាគម, ធនធានមុស្ស, ការគ្រប់គ្រងរបស់គ្រប់អ្នកពាក់ព័ន្ធ, ការអភិវឌ្ឍផ្នែកបច្ចេកទេស, ការគ្រប់គ្រងកីឡាករ, ការគ្រប់គ្រងការប្រកួតប្រជែង, ការទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការបង្កើតប្រាក់ចំណូល, ផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការ, ការរៀបចំគម្រោងប្រតិបត្តិការដោយសមាគមខេត្ត។ UEFA Assist Program គឺជាការគាំទ្រការអភិវឌ្ឍបាល់ទាត់ក្នុង និងក្រៅទ្វីបអឺរ៉ុប។ ដោយចូលទៅក្នុង UEFA និងចំណេះដឹង និងជំនាញរបស់សមាជិក កម្មវិធីចែករំលែកការអនុវត្តល្អបំផុតជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបទាំង៥ ដែលជាដៃគូរបស់ UEFA។ កម្មវិធីនេះ ជួយអភិវឌ្ឍបាល់ទាត់ និងពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញអន្តរជាតិ និងគម្រោងផ្ទាល់ខ្លួន។ គម្រោងទាំងនោះ មានភាពខុសគ្នា ប៉ុន្តែគម្រោងនីមួយៗ ឆ្លើយតបនឹងតម្រូវការជាក់លាក់ និងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់៕
ក្រុម U-16 កម្ពុជា ដែលកំពុងនៅសល់១ប្រកួតក្នុងដៃ នៃពានរង្វាន់ជើងឯកយុវជនអស៊ានអាយុក្រោម ១៦ឆ្នាំ (AFF U-16 Boy’s Championship) ឆ្នាំ២០២២ គឺត្រូវការឈ្នះដាច់ខាត និងជាពិសេសត្រូវការបញ្ចប់ទៅដោយឈរលេខ១ ក្នុងពូល C ទើបអាចមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ និយាយដូច្នេះដោយសារពានរង្វាន់យុវជនលើកនេះ នឹងយកតែ ១ក្រុមប៉ុណ្ណោះប្រចាំពូលនីមួយៗ (ពូល A, B និង C) ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈ ១ក្រុមទៀតគឺជាក្រុមលេខ២ល្អ ហើយត្រឹមបច្ចុប្បន្ននេះមានតែពូល A និងពូល C ប៉ុណ្ណោះដែលអាចកំណត់អោយមានក្រុមលេខ២ល្អ ខណៈពូល B នឹងមិនមានក្រុមលេខ២ល្អឡើយ ដោយសារពិន្ទុតិចជាង។ ពូល A បានរកឃើញក្រុមឡើងហើយគឺម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជាក្រុមលេខ១ ខណៈវៀតណាម ជាក្រុមលេខ២ ដែលមាន ៦ពិន្ទុបណ្ដោះអាសន្នដូច្នេះគេឈរជាក្រុមលេខ២ល្អដែលមានពិន្ទុ និងគ្រាប់ច្រើន (៨គ្រាប់)។ ដោយឡែកពូល B វិញ ឡាវដែលឈរនៅលេខ២ នោះគឺមានតែ ៥ពិន្ទុ បានសេចក្ដីថាមិនគ្រប់គ្រាន់ដើម្បីប្រជែងជាមួយវៀតណាម ឡើយ។ រឹតតែពិបាកទៀតសម្រាប់ពូល C ដោយសារគ្រាប់បាល់ចំណញក្នុងពូលនេះមានច្រើនបំផុតត្រឹម ៣គ្រាប់ ខណៈគេចាត់ទុកថាជាពូលតានតឹង ឬអាចនិយាយបានថាភាគរយដើម្បីអាចក្លាយជាក្រុមលេខ២ល្អ ហើយមានគ្រាប់បាល់ដល់ទៅ ៩គ្រាប់គឺហាក់ស្រម៉ៃមិនសូវឃើញ។ ផ្លូវតែមួយគត់ដែលនាំឲ្យ U-16 កម្ពុជា អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺឈរលេខ១ ក្នុងពូល C។ ឈរលេខ១ ត្រូវពឹងផ្អែកលើអ្វីខ្លះ? ទី១ កម្ពុជា ត្រូវការឈ្នះ មីយ៉ាន់ម៉ា ដាច់ខាត ករណីម៉ាឡេស៊ី ស្មើឬក៏ចាញ់ អូស្ត្រាលី ទី២ កម្ពុជា ត្រូវការឈ្នះ មីយ៉ាន់ម៉ា ដោយមានគ្រាប់ចំណេញ ១០គ្រាប់ឡើង ដោយមិនចាំបាច់ខ្វល់ពីលទ្ធផលរវាង ម៉ាឡេស៊ី ជាមួយ អូស្ត្រាលី ការប្រកួតថ្ងៃស្អែកនេះរវាងក្រុមទាំង៤ (មីយ៉ាន់ម៉ា Vs កម្ពុជា) (ម៉ាឡេស៊ី Vs អូស្ត្រាលី) នឹងធ្វើឡើងនៅវេលាម៉ោង ៣:០០នាទីរសៀលតំណាលគ្នា៕
ថៃ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបដិសេធការអញ្ជើញរបស់សមាគមបាល់ទាត់ថៃ មិនមកលេងពានមិត្តភាព King’s Cup នៅចំថ្ងៃ ‘FIFA Day’ នាខេត្តឈៀងម៉ៃ ខែកញ្ញាខាងមុខនេះឡើយ ដោយសារតែពួកគេក៏នឹងរៀបចំការប្រកួតពានផ្ទាល់ខ្លួនរបស់គេផងដែរ។ សមាគមកីឡាបាល់ទាត់ថៃ ត្រៀមរៀបចំការប្រកួតចំនួន៤ ក្នុងអំឡុងថ្ងៃ FIFA Day នាខែកញ្ញានេះ នៅខេត្តឈៀងម៉ៃ ដែលត្រូវបានគេរំពឹងថាគឺពាន “King’s Cup”។ ដំបូងឡើយមានក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលបានទទួលយកការអញ្ជើញចូលរួមប្រកួត ហើយប្រទេសចំនួន ២ទៀត ត្រូវបានគេបង្ហើបថាមាន ១ជាក្រុមមកពីទ្វីបអាស៊ី និង ១ក្រុមទៀតមកពីក្រៅទ្វីបអាស៊ី។ ប៉ុន្តែថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបដិសេធការអញ្ជើញរបស់សមាគមកីឡាបាល់ទាត់ថៃ ដែលបានផ្ញើលិខិតអញ្ជើញចូលរួមកម្មវិធីនេះ។ សហព័ន្ធកីឡាបាល់ទាត់វៀតណាម អះអាងថា ក្នុងអំឡុងថ្ងៃ FIFA Day ក្នុងខែកញ្ញា ពួកគេក៏នឹងរៀបចំការប្រកួតរបស់ខ្លួនផងដែរ ដូច្នេះហើយ មិនអាចធ្វើដំណើរទៅប្រកួតនៅប្រទេសថៃបានឡើយ៕
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បាននឹងកំពុងប្រកួតក្នុងពានរង្វាន់ AFF U-19 Boy’s Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ដោយប្រកួតបាន ២លើករួចមកហើយ។ ២ប្រកួតនេះ U-19 កម្ពុជា ឈ្នះ១ និងចាញ់១ ប៉ុន្តែអ្នកគាំទ្របានបង្ហាញទស្សនៈថាតំបន់ប្រយុទ្ធហាក់ពុំសូវមុតស្រួច និងសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាពុំកោះហៅកីឡាករ សៀង ចន្ធា ឬក៏ មិន រតនៈ, លឹម ពិសុទ្ធ, តាំង ប៊ុនឆៃ ជាដើម ទើបអាចធ្វើឱ្យលទ្ធផលើ្អប្រសើរជាងនេះ។ យ៉ាងណាមិញ នេះមិនមែនគ្រូបង្វឹកមិនចង់កោះហៅនោះទេ ប៉ុន្តែអ្វីដែលគត់សម្គាល់បានច្បាស់ ១០០ភាគរយនោះគឺ កីឡាករខាងលើ មានអាយុលើស ១៩ឆ្នាំហើយ ឬមានអាយុលើសលក្ខខណ្ឌកំណត់ក្នុងពានរង្វាន់នេះ។ យោងតាមច្បាប់នៅក្នុងពានរង្វាន់ AFF U-19 Boy’s Championship 2022 កីឡាករដែលអាចចូលរួមប្រកួតបាន គឺត្រូវកើតចំថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ឬក្រោយថ្ងៃខែឆ្នាំដូចបានរៀបរាប់នេះឡើងទៅ ខណៈ សៀង ចន្ធា កើតថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០២, មិន រតនៈ កើតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ , លឹម ពិសុទ្ធ កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០១ និងតាំង ប៊ុនឆៃ កើតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២។
លោក Muhammad Fadzuhasny Juraimi គ្រូបង្វឹករបស់ U-19 សិង្ហបុរី មិនបានសម្ដែងក្ដីសោកស្ដាយចំពោះលទ្ធផលក្រុម U-19 សិង្ហបុរី ដែលបានប្រកួតចាញ់ U-19 កម្ពុជា ក្នុងជំនួបបើកពូលនៃពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំអាស៊ាន (AFF U-19 Boys Championship 2022) លទ្ធផល ០-១ កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ម្សិលមិញនេះឡើយ។ និយាយដូច្នេះគឺបន្ទាប់ពី លោកយល់ឃើញថាក្រុមរបស់លោកគឺមកប្រកួតនេះមិនមែនដើម្បីឈ្នះពាន ប៉ុន្តែគឺដើម្បីត្រៀមខ្លួនអនុវត្តទម្រង់លេងរបស់ក្រុម ដើម្បីីឈានទៅអនាគត។ លោក Fadzuhasny បាននិយាយថា៖ «ខ្ញុំគិតថាកូនក្រុមបានធ្វើអស់ពីសមត្ថភាពតាមកាលៈទេសៈ។ ពួកគេភាគច្រើនមិនសូវបានប្រកួតច្រើននោះទេ ហើយអ្នកអាចមើលឃើញថាពួកគេខ្វះភាពប៉ះទង្គិចក្នុងការប្រកួត និងភាពកាយសម្បទា។» «មុនការប្រកួត គោលបំណងរបស់យើងគឺតែងតែឲ្យកូនក្រុមអនុវត្តទម្រង់លេងរបស់យើង និងរីករាយជាមួយការប្រកួតដោយខ្លួនឯង។ មានរឿងសម្រាប់ការកែលម្អបន្ថែមទៀត។ ការផ្តោតអារម្មណ៍នាពេលនេះគឺការប្រមូលកម្លាំងឡើងវិញឱ្យបានល្អ ដើម្បីឱ្យពួកគេមានភាពស្រស់ស្រាយសម្រាប់ការប្រកួតជាមួយទីម័រខាងកើតនៅថ្ងៃអង្គារ។» បញ្ជាក់ថាបច្ចុប្បន្ន U-19 សិង្ហបុរី ឈរនៅលេខ៤ ក្នុងពូល B មាន ០ពិន្ទុ ហើយប្រកួតបន្ទាប់គេនឹងត្រូវជួប U-19 ទីម័រខាងកើត នៅថ្ងៃទី០៥ ខែកក្កដា ខាងមុខ ផងដែរ៕
កីឡាករ Theerathorn Bunmathan ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិថៃ បាននិយាយថា គេចង់ឈប់លេងបាល់ជាមួយក្រុមនៅតំបន់អាស៊ានហើយ ដ្បិតចង់ប្រកួតនៅកម្រិតអាស៊ី ទើបមានការរីកចម្រើនជាង។ និយាយបែបនេះគឺបន្ទាប់ពីអ្នកសារព័ត៌មានថៃ សួរនាំអំពីពានរង្វាន់ជើងឯកអាស៊ាន ដែលទើបប្ដូរម្ចាស់ឧបត្ថម្ភថ្មី ពី ‘AFF Suzuki Cup’ មកជា ‘AFF Mitsubishi Electric Cup’ នៅចុងឆ្នាំ មុនទៅប្រកួត AFC Asian Cup នៅពាក់កណ្តាលឆ្នាំក្រោយ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះបានលើកឡើងថា៖ «បើសួរខ្លួនឯង ខ្ញុំសុខចិត្តលេងកម្រិតអាស៊ី ប៉ុន្តែបើជម្រើសជាតិកោះហៅខ្ញុំត្រូវតែលេង។ ខ្ញុំគិតថានៅកម្រិតអាស៊ានមិនសមនឹងលេងនោះទេ។ ព្រោះគេលេងទាត់មនុស្សច្រើនជាងទាត់បាល់ វាអាក្រក់មើលណាស់ពេលប្រកួត។ មិនដូចអាស៊ី ដែលការវិនិច្ឆ័យមានភាពអព្យាក្រឹតជាង ខ្ញុំមិននិយាយថាខ្ញុំមើលរំលងអាស៊ាន ហើយទៅអាស៊ីទេ។ ប៉ុន្តែបើចង់ធ្វើដូចជប៉ុន ត្រូវប្រើការប្រកួតនៅអាស៊ាន ដើម្បីពង្រឹងនៅកម្រិតអាស៊ី»។ «ដូចស៊ីហ្គេមវិញ បើនៅជប៉ុនគឺគេប្រើ U-20 ឬ U-19។ វាមិនចាំបាច់សូម្បីតែយកកីឡាករនៅក្នុងលីគ។ បើលេង U-23 យក U-19 មកប្រកួតជំនួស ព្រោះឈុតទាំងនេះអាចងាយស្រួលប្រមូលបាន។ គ្មានការស្នើសុំពីក្លិប ទោះចាញ់ក៏មិនអីដែរ។ ប្រើវាជាផ្នែកបន្ថែមជំនួសឱ្យការអាចគាំទ្រដល់ជម្រើសជាតិឈុតធំនាពេលខាងមុខផងដែរ»។ Theerathorn បានបន្ថែម។ កីឡាករដែលលេងឲ្យជម្រើសជាតិថៃ បាន ៧២ប្រកួតរូបនេះបាននិយាយទៀតថា៖ “យកកីឡាករ U-23 ឆ្នើមៗ ចូលរួមក្រុមធំទៅទាត់កម្រិតអាស៊ាន ដូចជាស៊ីហ្គេមជាដើមនេះអត់ល្អទៀតទេ។ តែមិនអីទេ ដំបូងយើងប្រហែលជាមិនអាចទទួលយកវាបានទេ។ ប៉ុន្តែត្រូវតែទទួល, តាមគំនិតរបស់ខ្ញុំ យើងត្រូវទទួលយកថាយើងនឹងមិនក្លាយជាក្រុមជើងឯកនោះទេ។ ទទួលយកផលប៉ះពាល់ពីពេលនេះ ដើម្បីអាចឲ្យមានការរីកចម្រើនតាមរបៀបត្រឹមត្រូវ។»
កីឡាការិនី ចំនួន ២៥នាក់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលក្រុមជម្រើសជាតិដើម្បីចូលរួមហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ាន (2022 AFF Women’s Championship) ឆ្នាំ២០២២ ដែលគ្រោងធ្វើនៅខែកក្កដា ខាងមុខ។ កីឡាការិនីទាំង ២៥នាក់មានមកពីក្លិបចំនួន ៥នៃលីគបាល់ទាត់ជម្រើសជើងឯកនារីកម្ពុជា រួមមាន ភ្នំពេញក្រោន ១០នាក់, ណាហ្គាវើលដ៍កំពង់ស្ពឺ ៦នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, សៀមរាប ៤នាក់ និងវិសាខា ១នាក់។ ខាងក្រុមគឺជាបញ្ជីឈ្មោះ៖ កីឡាការិនីទាំង ២៥រូបនឹងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ តទៅ នៅសាលាបាល់ទាត់ជាតិបាទី មុននឹងជម្រុះមកនៅត្រឹម ២៣នាក់ចូងក្រោយ ដើម្បីចេញទៅប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។ បញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយវៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងឡាវ។ ដោយឡែកពូល A មានម្ចាស់ផ្ទះហ្វីលីពីន, ថៃ, ឥណ្ឌូនេស៊ី, សិង្ហបុរី អូស្ត្រាលី និងម៉ាឡេស៊ី៕
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.